សហរដ្ឋអាមេរិក ៖ ទោះបី ជ.នជាតិ Amish រស់នៅប្រទេសរីកចម្រើនខ្លាំងបំផុត គឺសហរដ្ឋអាមេរិក ប៉ុន្តែពួកគេបែរជាសម្រេចចិត្តរស់នៅដូចកាលពីសម័យរាប់រយឆ្នាំមុន ដោយបដិសេធការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗស្ទើរទាំងអស់ ដូចជា ៖ អគ្គិសនី រថយន្ត ទូរស័ព្ទដៃ អ៊ីនធើរណេត និងកុំព្យូទ័រ ។ រហូតដល់បច្ចុប្បន្ន ពួកគេនៅតែជិះរទេះសេះ និងកង់ ហើយកាត់សម្លៀកបំពាក់ខ្លួនឯងទាំងអស់ ។ ហេតុអ្វីពួកគេរស់នៅក្នុងជីវិតបែបនេះ? តើពួកគេរស់នៅដោយគ្មានបច្ចេកវិទ្យាទំនើបរបៀបណា?.png)
ជនជាតិ Amish មានដើមកំណើតនៅតំបន់អឺរ៉ុប ហើយជនជាតិ Amish រស់នៅប្រទេសស្វីស អាល្លឺម៉ង់ និងហូឡង់ បានផ្លាស់ទីលំនៅមករស់នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ចាប់ពីសតវត្សទី១៩ ដល់ទី២០ ។ ពួកគេរស់នៅក្នុងជីវិតដូចសម័យបុរាណ និងពុំផ្លាស់ប្តូរតាមការរីកចម្រើនលើពិភពលោក ។
ប៉ុន្តែចំនួនជនជាតិ Amish រស់នៅបែបបុរាណបានធ្លាក់ចុះជាបន្តបន្ទាប់ រហូតដល់សតវត្សទី២១ មានជនជាតិ Amish តែម្នាក់ប៉ុណ្ណោះ ក្នុងចំណោម៣នាក់ បានរស់នៅក្នុងជីវិតបុរាណ ហើយពួកគេក៏ចាប់ផ្តើមទៅរស់នៅរដ្ឋផ្សេងទៀតរបស់សហរដ្ឋអាមេរិក ។ ពេលមានកម្មវិធីជួបជុំម្តងៗ ពួកគេបានដឹកជញ្ជូនកៅអីវែង ចានឆ្នាំង និងអាហារតាមរទេះសេះ ទៅផ្ទះម្ចាស់កម្មវិធី ។
ភាពលេចធ្លោ គឺពួកគេតុបតែងខ្លួន និងស្លៀកពាក់ដូចកាលពី៣០០ឆ្នាំមុន ដោយហាមបុរសទុកពុកមាត់ ហើយស្ត្រីពុំកាត់សក់អស់មួយជីវិត និងពុំឱ្យពាក់គ្រឿងអលង្ការ ។ ការតុបតែងខ្លួនបង្ហាញថា ពួកគេពុំទទួលយកការផ្លាស់ប្តូរ ។ បើទោះពួកគេពុំប្រើទូរស័ព្ទដៃ ប៉ុន្តែមានទូរស័ព្ទលើតុនៅផ្ទះសម្រាប់ពេលចាំបាច់ រីឯរថយន្ត និងរថភ្លើង ក៏ដូចគ្នាដែរ គឺជិះពេលចាំបាច់ ។ 
សម្ភារៈអគ្គិសនី និងគ្រឿងយន្តកសិកម្មអាចប្រើប្រាស់បាន លុះត្រាតែមានការអនុញ្ញាតក្នុងករណីចាំបាច់សម្រាប់សេដ្ឋកិច្ចសហគមន៍ ។ ឧបករណ៍តន្ត្រីនានាក៏ត្រូវហាមឃាត់ដែរ ព្រោះរំខានផ្លូវចិត្តអ្នកដទៃ ប៉ុន្តែពួកគេអាចច្រៀងជាក្រុមបាន ។ ទោះយ៉ាងណា មានជនជាតិ Amish មួយចំនួនបានរស់នៅបែបសម័យថ្មី ដោយប្រើអគ្គិសនី រថយន្ត និងទូរស័ព្ទលើតុ ៕










