កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ មានករណីបា.ញ់ប្រ.ហារ លើ លោក លឹម គីមយ៉ា ជនជាតិខ្មែរ សញ្ជាតិបារាំង ដែលត្រូវបានគេស្គាល់ថា គឺជាអតីតតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិកម្ពុជា មណ្ឌលកំពង់ធំ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនៅមុខវត្ត Bowonniwet តំបន់បាងឡាំភូ សង្កាត់ព្រះណាខន ទីក្រុងបាងកក ។
ក្រោយហេតុការណ៍នេះ សមត្ថកិច្ចថៃបានស្រាវជ្រាវ និងកំណត់អត្តសញ្ញាណឃាតករ គឺឈ្មោះ អេកខាឡាក់ ផេណយ និងឈ្មោះហៅក្រៅថា «អេម កងរឿ» អាយុ៤១ឆ្នាំ ជនជាតិថៃ គឺជាអតីតទាហានជើងទឹក ។ តុលាការថៃបានចេញដីកាឱ្យសមត្ថកិច្ចចាប់ខ្លួនឃាតករពីករណីសម្លាប់មនុស្សដោយគ្រោងទុក និងដាក់អាវុធតាមខ្លួននៅទីសាធារណៈគ្មានការអនុញ្ញាត ។.jpg)
តាមការស៊ើបអង្កេត គឺឃាតករបានបើករថយន្តគេចខ្លួនទៅកាន់ខេត្តស្រះកែវ ហើយការត្រួតពិនិត្យក្នុងកាមេរ៉ាសុវត្ថិភាពឃើញថា ឃាតករបានធ្វើដំណើរទៅចំណុចព្រំដែនខៅឌិន ក្នុងស្រុកឃ្លងហាត ខេត្តស្រះកែវ នាយប់ថ្ងៃទី៧ ខែមករា បន្ទាប់មក ក៏រត់គេចទៅប្រទេសកម្ពុជា តាមច្រកធម្មជាតិ ។
ហេតុនេះ សមត្ថកិច្ចថៃបានទំនាក់ទំនងទៅសមត្ថកិច្ចកម្ពុជា និងបញ្ជូនក្រុមសមត្ថកិច្ចស៊ើបអង្កេតថៃទៅចាប់ខ្លួនឃាតករជាមួយសមត្ថកិច្ចកម្ពុជា ។ សមត្ថកិច្ចថៃបញ្ជាក់ថា ឃាតករបានប្តូរប្រាក់ចំនួន៤,០០០បាត នៅកន្លែងប្តូរប្រាក់តំបន់ព្រំដែន រួចហើយក៏ជិះរថយន្តក្រុងសំដៅទៅរាជធានីភ្នំពេញ ហើយត្រូវសមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួន ពេលឃាតករចុះពីរថយន្តក្រុងចូលហាងបាយមួយកន្លែងនៅឃុំព្រៃស្វាយ ស្រុកមោងឫស្សី ។
ផ្អែកតាមការស្នើសុំសហការពីសមត្ថកិច្ចកិច្ចថៃ សមត្ថកិច្ចកម្ពុជាបានស្រាវជ្រាវរកឃាតករ ហើយនៅថ្ងៃទី៨ ខែមករា កន្លងមក សមត្ថកិច្ចខេត្តបាត់ដំបង បានរកឃើញ និងឃាត់ខ្លួនឃាតករនៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ កម្ពុជានឹងបញ្ជូនឃាតកររូបនេះទៅប្រទេសថៃវិញតាមសំណូមពររបស់សមត្ថកិច្ចថៃ បន្ទាប់ពីសមត្ថកិច្ចកម្ពុជាបញ្ចប់នីតិវិធី ៕










