តារាសម្ដែងចិន Wang Xing ត្រូវបានគេរកឃើញក្នុងប្រទេសមីយ៉ាន់ម៉ា និងត្រូវបាននាំទៅប្រទេសថៃ បន្ទាប់ពីបាត់ខ្លួនអស់រយៈពេល ៤ ថ្ងៃ។ សាច់ញាតិនិងមិត្តស្រីរបស់តារាសម្តែង រូបនេះបានសុំជំនួយពីអាជ្ញាធរចិននិងថៃដែលបាត់ទំនាក់ទំនងជាមួយលោកចាប់តាំងពីថ្ងៃទី ៣ ខែមករា នៅពេលដែលលោកបានមកប្រទេសថៃដើម្បីថត «ភាពយន្ត» ។ ប៉ុន្មានថ្ងៃថ្មីៗនេះព័ត៌មានអំពីតារាសម្តែង Wang Xing ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម Weibo ។ 
យោងតាមសារព័ត៌មាន Beijing Daily នៅល្ងាចថ្ងៃទី៧ ខែមករា ប៉ូលិសថៃបានប្រកាសថា ខ្លួនបានរកឃើញ Wang Xing ពីស្រុក Mae Sot (ស្រុកក្នុងខេត្ត Tak ជាប់ព្រំដែនថៃ-មីយ៉ាន់ម៉ា) ទៅកាន់ទីក្រុងបាងកក។ បច្ចុប្បន្ននេះ អាជ្ញាធរនៅតែបន្តស៊ើបអង្កេតករណីនេះ ដោយកំណត់ថា តើ Wang Xing ជា «ជនរងគ្រោះនៃការជួញដូរមនុស្ស» ឬអត់។ បើពិត ប៉ូលិសនឹងនាំតារាសម្ដែងរូបនេះទៅប្រទេសចិនវិញតាមបទប្បញ្ញត្តិស្ដីពីការការពារជនរងគ្រោះដោយការជួញដូរមនុស្ស។ ប៉ុន្តែប្រសិនបើលោក Wang Xing បង្ហាញសញ្ញានៃការប្រព្រឹត្តបទល្មើស អាជ្ញាធរនឹងដោះស្រាយតាមច្បាប់។.png)
ស្ថានទូតចិនប្រចាំប្រទេសថៃបានឱ្យដឹងនៅល្ងាចថ្ងៃទី ៧ ខែមករាថា ខ្លួនបានទទួលការជូនដំណឹងពីភាគីថៃអំពីការជួយសង្គ្រោះលោក Wang Xing ។ អ្នកនាំពាក្យបានថ្លែងអំណរគុណដល់រដ្ឋាភិបាលរបស់ប្រទេស និងក្រសួងពាក់ព័ន្ធ។ នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយថៃ តារាសម្តែង Wang Xing បាននិយាយថា ខ្លួនត្រូវបានគេបោកបញ្ឆោតឱ្យមកទីនេះដើម្បីថតភាពយន្ត បន្ទាប់មកត្រូវបានគេនាំទៅប្រទេសមីយ៉ាន់ម៉ា។ Wang Xing បាននិយាយថា លោកត្រូវបាន «ចាក់សោនៅក្នុងបន្ទប់មួយដែលមានជនជាតិចិនចំនួន ៥០ នាក់» ពួកគេទាំងអស់ត្រូវបានស្នើសុំឱ្យហាត់វាយអក្សរ។ មនុស្សគ្រប់គ្នានៅក្នុងបន្ទប់បានកោរសក់។ យោងតាមសម្តីរបស់ Wang Xing នេះអាចពាក់ព័ន្ធនឹងការក្លែងបន្លំទូរគមនាគមន៍ខណៈមនុស្ស ៥០ នាក់ផ្សេងទៀតប្រហែលជាកំពុងរង់ចាំការសង្គ្រោះ ។
តាម សារព័ត៌មាន Hongxing News មន្ត្រីប៉ូលិស Mae Sot បាននិយាយថា Wang Xing ទំនងជាឆ្លងព្រំដែនពី Mae Sot ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ តាមការស៊ើបអង្កេតជំហានដំបូង ជននេះមកប្រទេសថៃតែម្នាក់ឯង ដោយកាន់តែកាបូបស្ពាយ។ មិនមានព័ស្តុតាងបញ្ជាក់ថា Wang Xing ត្រូវបានវាយដំ បង្ខិតបង្ខំ ឬជាជនរងគ្រោះនៃការជួញដូរមនុស្សនោះទេ។
បច្ចុប្បន្នសុខភាពរបស់ Wang Xing មានសភាពធម្មតា ប៉ុន្តែចិត្តរបស់លោកពិតជាមិនស្ថិតស្ថេរឡើយ។ តារាប្រុសរូបនេះមានអាយុ ៣១ឆ្នាំនិងបានចូលប្រឡូកក្នុងវិស័យកម្សាន្តអស់រយៈពេល ១០ ឆ្នាំមកហើយ៕










