សហរដ្ឋអាមេរិក ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានបដិសេធនឹងគំនិតរបស់ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump ដែលលើកឡើងថា អាមេរិកនឹងប្រើប្រាស់អំណាចសេដ្ឋកិច្ច ដើម្បីបង្ខំឱ្យកាណាដា ក្លាយជារដ្ឋទី៥១ ។
លោក Justin បានសរសេរក្នុងបណ្តាញសង្គម X កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ថា ៖ «គ្មានការយល់ព្រមសូម្បីតែបន្តិច ដែលកាណាដានឹងក្លាយជាទឹកដីមួយផ្នែករបស់អាមេរិក ។ ពលរដ្ឋកាណាដា និងអាមេរិក ទទួលបានអត្ថប្រយោជន៍ពីភាពជាដៃគូពាណិជ្ជកម្ម និងសន្តិសុខពីគ្នាទៅវិញទៅមក» ។
កន្លងមក ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានសួរទៅលោក Trump នៅរីសតម៉ាអាឡាកូ ក្នុងរដ្ឋផ្លរីដា ថា តើអាមេរិកនឹងប្រើប្រាស់កម្លាំងកងទ័ពដើម្បីកាន់កាប់ប្រទេសកាណាដា ដែរឬទេ? លោកឆ្លើយថា យើងពុំប្រើកម្លាំងកងទ័ពទេ ប៉ុន្តែយើងនឹងប្រើអំណាចសេដ្ឋកិច្ច ពីព្រោះអាមេរិកកំពុងមានបញ្ហាសេដ្ឋកិច្ចជាមួយកាណាដា ។
លោកពុំពេញចិត្តយូរមកហើយរឿងឱនភាពពាណិជ្ជកម្មអាមេរិកជាមួយកាណាដា ហើយលោកធ្លាប់ប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយកន្លងមកថា បន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ គឺគូសដោយការស្រមើស្រមៃប៉ុណ្ណោះ ។ លោកនឹងដំឡើងពន្ធទំនិញកាណាដានាំចូលអាមេរិក ស្មើនឹង២៥% ដោយសារកាណាដាបាននាំចេញទំនិញមកកាន់ព្រំដែនអាមេរិក រហូតដល់៧៥% ។
កាលពីថ្ងៃទី៧ ខែមករា កន្លងមក រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា លោកស្រី Mélanie Joly បានរិះគន់ការលើកឡើងរបស់លោក Trump ដោយលោកស្រីនិយាយថា លោក Trump ពុំយល់សោះឡើយ ហេតុអ្វីបានជាកាដាណាជាប្រទេសរឹងមាំ ។ យើងគ្មានថ្ងៃយល់ព្រម ឬចុះចាញ់ការគំរាមកំហែងណាទាំងអស់ ។.png)
គួរបញ្ជាក់ថា កាណាដានឹងរៀបចំការបោះឆ្នោត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ហើយតាមលទ្ធផលការស្ទង់មតិបង្ហាញថា គណបក្សប្រឆាំងឈ្មោះ Conservative នឹងទទួលជ័យជម្នះភ្លូកទឹក ភ្លូកដី ។ មេដឹកនាំគណបក្សនេះបានបង្ហាញពីគោលជំហរថា កាណាដាគ្មានថ្ងៃក្លាយជារដ្ឋទី៥១ របស់អាមេរិកទេ ពីព្រោះកាណាដាជាប្រទេសធំ និងមានឯករាជ្យ ៕










