ជឿជាក់ថា ប្រិយមិត្តភាគច្រើនប្រាកដជាចងចាំហើយព្រឹត្តិការណ៍«សំណេរអង្គរលើកទី១» បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ និងអ្នកចូលរួមប្រមាណ៨០០នាក់។ យ៉ាងណា ព្រឹត្តិការណ៍«សំណេរអង្គរ»បានត្រឡប់មកវិញលើកទី២ ដែលនឹងធ្វើឡើងនាថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ជាមួយនឹងអ្នកចូលរួមរហូតដល់ទៅជាង ១២០០នាក់។

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា សំណេរអង្គរលើកទី២ ដែលនឹងធ្វើឡើងដោយការសរសេរតាមអាន ក្នុងបំណងស្វែងរកអ្នកសរសេរបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធនៃអក្សរសាស្ត្រខ្មែរ ព្រមទាំងអ្នកមានស្នាដៃសរសេរអក្សរបានស្អាតបំផុត។
ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ នឹងប្រារព្ធឡើងនៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅលើស្ពានហាលផ្នែកខាងលិច របស់ប្រាសាទអង្គរវត្ត នឹងមានបេក្ខជនចូលរួមប្រមាណ១២២០នាក់។ បេក្ខជនទាំងនោះ មានទាំងកុមារចាប់ពីអាយុ៦ឆ្នាំ និងមនុស្សចាស់ ដែលមានអាយុរហូតដល់៨០ឆ្នាំ។ ក្នុងនោះដែរក៏មានព្រះសង្ឃចូលរួមចំនួន៨២អង្គ ជនបរទេសរៀនភាសាខ្មែរមួយចំនួន ព្រមទាំងអនិកជនខ្មែរដែលរស់នៅបរទេសខ្លះទៀតផង។

ប្រភពដដែលបានគូសបញ្ជាក់ទៀតថា សម្រាប់ជ័យលាភីនឹងត្រូវបែងចែកជា២ គឺបេក្ខជនអាយុ១៨ឆ្នាំចុះក្រោម មានជ័យលាភីលេខ១ ទទួលបានរង្វាន់ថវិកា៥លានរៀល លេខ២ទទួលបាន៣ លានរៀល និងលេខ៣ ទទួលបាន២លានរៀល។ ចំពោះបេក្ខអាយុ១៩ឆ្នាំឡើង មានជ័យលាភីលេខ១-៣ ទទួលបានរង្វាន់ដូចគ្នា ហើយសម្រាប់ជ័យលាភីអក្សរស្អាតជាងគេ ខាងមេធាវីជាអ្នកឧបត្ថម្ភ ដោយឱ្យអ្នកអក្សស្អាតជាងគេសសេរដោយដៃផ្ទាល់ នូវក្រមរដ្ឋប្បវណី និងក្រមព្រហ្មទណ្ឌ ទុកជាប្រវត្តិសាស្រ្តទៅថ្ងៃក្រោយ៕









