ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ក្រុមហ៊ុនថៃបានខាតបង់ប្រាក់ចាប់ពី៣០០លាន ទៅ៤០០លានបាត ដោយសារការនាំចេញទឹកស៊ីរ៉ូ និងម្សៅស្ករសទៅចិនតាមសមុទ្រ ប៉ុន្តែចិនបានផ្អាកនាំចូលភ្លាមៗ និងពុំជូនដំណឹងជាមុន ។ ចិនប្រកាសផ្អាកនាំចូល ចាប់ពីថ្ងៃទី១០ ធ្នូ ឆ្នាំ២០២៤ កន្លងមក ពីព្រោះបារម្ភពីសុវត្ថិភាពចំណីអាហារ ។
.png)
ភ្នាក់ងារសុវត្ថិភាពចំណីអាហារប្រទេសចិនបានចេញសេចក្តីប្រកាសផ្អាកនាំចូលទឹកស៊ីរ៉ូ និងម្សៅស្ករសថៃ ដោយសារថៃធ្វើខុសលក្ខណៈវិនិច្ឆ័យស្តង់ដារស្របតាមច្បាប់សុវត្ថិភាពចំណីអាហារ ហើយចិនបារម្ភពីបញ្ហាអនាម័យប៉ះពាល់សុខភាពអ្នកបរិភោគ ។
កាលពីថ្ងៃទី៥ ខែមករា កន្លងមករដ្ឋមន្ត្រីក្រសួងកសិកម្ម លោកស្រី Narumon Pinyosinwat បានជម្រាបបញ្ហានេះទៅនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដើម្បីដោះស្រាយ ។ រីឯការិយាល័យស្តង់ដារចំណីអាហារជាតិ និងទិន្នផលកសិកម្មថៃ បានប្រជុំជាមួយក្រុមហ៊ុនថៃ ដែលនាំចេញទំនិញក្នុងអំឡុងពេលចិនផ្អាកការនាំចូល ព្រមទាំងផ្ញើលិខិតទៅការិយាល័យគយចិន ដើម្បីអនុញ្ញាតឱ្យនាំចូលទំនិញថៃបន្តទៀត ។
.png)
មតិនានាលើកឡើងថា ចិនផ្អាកនាំចូលទឹកស៊ីរ៉ូពីប្រទេសថៃ ដោយសារក្រុមហ៊ុនចិនដែលមកសាងសង់រោងចក្រផលិតទឹកស៊ីរ៉ូនៅថៃ គេចពីការបង់ពន្ធនាំចូលទំនិញខ្ពស់របស់ចិន ហើយរដ្ឋាភិបាលចិនបានការពារក្រុមហ៊ុនក្នុងស្រុក ដែលចំណាយដើមទុនផលិតខ្ពស់ជាងក្រុមហ៊ុនផលិតនៅក្រៅប្រទេស ។ ក្រុមហ៊ុនចិនបានផលិតទឹកស៊ីរ៉ូនៅថៃយកទៅលក់នៅចិន ដើម្បីទទួលបានការលើកលែងពន្ធទំនិញនាំចូល ។
.png)
ដោយឡែក លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃបាននិយាយពីបញ្ហាចិនហាមនាំចូលទំនិញថៃ នៅខេត្តឈៀងរ៉ៃ ថា មិនមែនមានតែម្សៅស្ករសទេដែលចិនហាមឃាត់ បច្ចុប្បន្ន ក៏មានអង្ករ និងជ័រកៅស៊ូផងដែរ ដោយសារមានការលួចនាំចូលទំនិញពីប្រទេសជិតខាង ហើយវេចខ្ចប់បញ្ជាក់ថារបស់ថៃ ទើបចិនហាមឃាត់បែបនេះ ។ ថៃត្រូវតែមានវិធានការដោះស្រាយបញ្ហា ពីព្រោះចិនជាទីផ្សារធំរបស់ថៃ ។

ការហាមឃាត់នាំចូលទំនិញថៃទៅប្រទេសចិន ដោយសារការនាំចូលទំនិញពីថៃរួចពន្ធមានបរិមាណខ្ពស់ និងប៉ះពាល់ដល់តម្លៃស្ករសនៅចិន ។ ហេតុនេះ ចិនក៏ហាមឃាត់ការនាំចូលទំនិញថៃ ដើម្បីការពារក្រុមហ៊ុនក្នុងស្រុក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ៕










