ប្រាសាទគឺជាទីតំកល់ព្រះអទិទេពសម្រាប់ធ្វើកិច្ចពិធីសាសនាណាមួយ និងជាសំណង់បុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ សាងសង់ឡើងដោយបុព្វបុរសនាសម័យមុនៗ។ ប្រាសាទត្រូវបានមនុស្សជាច្រើនគិតថា ជាលំនៅដ្ឋានរបស់ស្តេច ឬព្រះរាជា ប៉ុន្តែតាមពិតទៅប្រាសាទគឺគេសាងសង់ឡើងដើម្បីរំលឹកដល់ព្រះអាទិទេពប៉ុណ្ណោះ មិនមែនជាលំនៅដ្ឋានរបស់ស្តេចនោះទេ។ ទោះជាយ៉ាងណាតើលោកអ្នកដឹងទេថា នៅលើពិភពលោកយើងនេះ ប្រទេសណាដែលសម្បូរមានប្រាសាទច្រើនជាងគេបំផុត?

ច្បាស់ណាស់គឺប្រទេសឥណ្ឌា ឥណ្ឌាគឺជាប្រទេសចំណាស់ជាងគេទីពីរនៅលើពិភពលោកបន្ទាប់ពីអេហ្ស៊ីប។ ប្រទេសឥណ្ឌាមានវប្បធម៌ចម្រុះជាច្រើន រួមទាំងសាសនាហិណ្ឌូ ព្រះពុទ្ធសាសនា សាសនាចេន និងសាសនាស៊ីក ដោយក្នុងចំណោមសាសនាទាំងនោះ សុទ្ធតែបានសាងសង់នូវប្រាសាទដ៏សម្បូរបែបជាច្រើន។ បច្ចុប្បន្នប្រទេសអាស៊ីមួយនេះមានប្រាសាទសរុបទាំងអស់ចំនួន ៦៤៩,០០០ ដែលស្ថិតនៅរដ្ឋកំពូលទាំង ១២ នៃប្រទេសឥណ្ឌា។ ខណៈប្រាសាទដែលចំណាស់ជាងគេគឺ ប្រាសាទ Gavimath ត្រូវបានគេប៉ាន់ស្មានថាមានអាយុកាលរហូតដល់ ១០,០០០ ឆ្នាំឯណោះ។
ក្រៅពីឥណ្ឌាប្រទេសនេប៉ាល់ ស្រីលង្កា បង់ក្លាដែស និងប៉ាគីស្ថានក៏ជាប្រទេសមួយដែលសម្បូរមានប្រាសាទបុរាណច្រើនជាងគេផងដែរ។ ចំណែកប្រទេសកម្ពុជាយើងវិញទោះបីមិនស្ថិតក្នុងបញ្ជីប្រទេសដែលមានប្រាសាទច្រើនជាងគេលើពិភពលោកក៏ដោយ ក៏ស្ថិតក្នុងបញ្ជីប្រទេសដែលមានប្រាសាទច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ផងដែរ ដោយមានប្រមាណ ៤០០០ ប្រាសាទ ហើយខេត្តដែលមានប្រាសាទច្រើនជាងគេគឺខេត្តសៀមរាប ជាមួយប្រាសាទជាង ៣៦០ ប្រាសាទ។ នៅខេត្តសៀមរាប ប្រាសាទបុរាណដែលទាក់ទាញទេសចរណ៍ជាងគេគឺ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទភ្នំបាខែង និងប្រាសាទបាពួន រួមទាំងប្រាសាទជាច្រើនផ្សេងទៀត។
.png)
នៅលំដាប់ទី ២ គឺខេត្តព្រះវិហារ ដែលខេត្តនេះក៏មានប្រាសាទច្រើនជាងគេផងដែរសរុបចំនួន ២១៥ ខណៈចំណាត់ថ្នាក់ទី ៣ គឺខេត្តបន្ទាយមានជ័យមានប្រាសាទចំនួន ១០២ រីឯខេត្តកំពង់ធំ ឈរនៅលំដាប់ទី ៤ ដោយមានប្រាសាទ ១០០ ចំណែកឯខេត្តឧត្ដរមានជ័យមាន ៤៧ ប្រាសាទឈរនៅលំដាប់លេខ ៥ និងខេត្តខ្មែរជាច្រើនទៀតក៏ពោរពេញទៅដោយប្រាសាទបុរាណផងដែរ៕









