អ្នកជំនាញផ្នែកម្ហូបអាហារហាមដាច់ខាតកុំដាក់បន្លែ៣ប្រភេទនេះក្នុងទូរទឹកកក ពីព្រោះវាមានផលប៉ះពាល់សុខភាពក្រោយពេលបរិភោគ និងធ្វើឱ្យកើតជំងឺផ្សេងៗ ដូចជា ៖ ជំងឺមហារីក ហើយអ្នកជំនាញបានណែនាំពីវិធីទុកដាក់បន្លែទាំងនេះឱ្យបានត្រឹមត្រូវ ។
បើទោះជាការដាក់បន្លែមួយចំនួនក្នុងទូរទឹកកក អាចជួយឱ្យនៅតែស្រស់ បរិភោគបានយូរថ្ងៃ និងពន្យារពេលស្អុយរលួយក្តី ប៉ុន្តែតើជ្រាបទេថា បន្លែ៣ប្រភេទនេះ ពុំអាចដាក់ក្នុងទូរទឹកកកបានទេ ពីព្រោះអាចធ្វើឱ្យកើតជំងឺ រួមមាន ៖
១-ខ្ទឹមបារាំង ៖ អ្នកជំនាញប្រាប់ថា ការដាក់ខ្ទឹមបារាំងក្នុងទូរទឹកកកដែលមានសំណើមខ្លាំងពេក វានឹងធ្វើឱ្យបាក់តេរីធំលូតលាស់ ពីព្រោះពេលខ្ទឹមបារាំងសើម វានឹងឆាប់រលួយខូចគុណភាព ។ បើយើងយកខ្ទឹមបារាំងនេះមកចម្អិនអាហារបរិភោគ គឺអាចធ្វើឱ្យក្អួតចង្អោរ និងចុកពោះ ។
ហេតុនេះ គួរទុកខ្ទឹមបារាំងនៅកន្លែងស្ងួតដើម្បីរក្សាគុណភាពបានយូរ និងកុំឱ្យវាឆាប់រលួយ ។ រីឯខ្ទឹមបារាំងហាន់រួចហើយនៅសល់ពីការធ្វើម្ហូប យើងអាចច្រកវាក្នុងថង់មានប្រហោងមុនពេលដាក់ក្នុងទូរទឹកកក ដើម្បីចៀសវាងធុំក្លិន និងជួយឱ្យនៅស្រស់ជានិច្ច ប៉ុន្តែកុំដាក់ក្នុងទូរទឹកកកយូរពេក ។
២-ខ្ទឹមស ៖ ការដាក់ខ្ទឹមសក្នុងទូរទឹកកកដែលមានសំណើមខ្លាំង នឹងធ្វើឱ្យបាត់បង់រសជាតិរបស់វា ។ ខ្ទឹមសនឹងមានរសជាតិល្វីង បើយើងបកសំបក ឬហាន់វាដាក់ចូលទូរទឹកកក ។ គួរតែដាក់ខ្ទឹមសនៅកន្លែងស្ងួត ដូចជា ៖ កញ្ច្រែង ។
៣-ដំឡូងបារាំង ៖ ការដាក់ដំឡូងបារាំងក្នុងទូរទឹកកក នឹងធ្វើឱ្យវាឆាប់ស្អុយរលួយ និងមានរសជាតិផ្អែមខុសពីធម្មជាតិ ហើយការបរិភោគខ្ទឹមបារាំងបែបនេះ គឺប្រឈមនឹងជំងឺមហារីក និងគ្រោះថ្នាក់ដល់សុខភាព ។ គួរតែដាក់ដំឡូងបារាំងក្នុងទូរម្ហូប ឬកញ្ច្រែង ហើយកុំឱ្យវាត្រូវកំដៅថ្ងៃឱ្យសោះ ពីព្រោះឆាប់ដុះពន្លក ៕