តារាចម្រៀងរ៉េបដ៏មានប្រជាប្រិយភាពនិងជាគ្រូបង្វឹកនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េបចំនួនពីរកម្មវិធី Ruthko ត្រូវបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកជាមួយនឹងរថយន្តស្លាកលេខខេមរភូមិន្ទបន្សល់ទុកនូវសេចក្តីអាឡោះអាល័យនិងសោកស្តាយបំផុតរបស់អ្នកគាំទ្រនិងអ្នកក្នុងចង្កោមសិល្បៈ។ ទោះបីជាលាចាកលោកហើយក្តីអ្វីដែលតារារ៉េបរូបនេះបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយចងចាំគឺកេរ្តិ៍ឈ្មោះរបស់លោកបានតំណាងកម្ពុជាចូលរួមព្រឹត្តិការណ៍អន្តរជាតិនិងបានលេចមុខនៅក្នុងទស្សនាវដ្តីអន្តរជាតិចំនួន២ដងជាមួយនឹង វណ្ណដា។

លោក ដាវិឌ ឬទ្ធីរុទ្រ ឬទស្សនិកជនស្គាល់ថាជាតារារ៉េប Ruthko បានជួបគ្រោះថ្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលជិះម៉ូតូធំ បុកជាមួយរថយន្ត LEXUS RX330 ស្លាកលេខខេមរភូមិន្ទ 2–4771 ដែលបើកបត់ឆ្លងបញ្ច្រាស ចូលបុរីប៉េងហួត។ ហេតុការណ៍នេះស្ថិតនៅផ្លូវ៦០ម៉ែត្រ មុខបុរីប៉េងហួត សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង០១:៤០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ។
ដំណឹងនេះបានធ្វើឱ្យមហាជនតក់ស្លុតយ៉ាងខ្លាំង ខណៈអ្នកក្នុងចង្កោមសសិល្បៈដូចជា តារារ៉េបសេ្តចជួន Kingchi កៅ ពន្លឺ ទេព ពិសិដ្ឋ ហ្សេដេស Goofy និងអ្នកផ្សេងទៀតគឺបានទៅកន្លែងកើតហេតុនេះផ្ទាល់។ តារារ៉េប Kingchi ដែលរាប់អានគ្នាជាមួយ Ruthko ដែលរាប់អានគ្នាដូចជាបងប្អូនគឺមានការសោកស្តាយជាទីបំផុតទទួលយកមិនបានចំពោះការបាត់បង់មួយនេះ។ សិល្បករជាច្រើនទៀតមានដូចជា វណ្ណដា អ្នកនាង ខាត់ សុឃីម ឡូរីន អាង សុជាតិតា កែវ ឡាវិញ និងតារាជាច្រើនរូបទៀតរួមទាំងអ្នកគាំទ្របានចូលរួមរំលែកទុក្ខ បង្ហាញការសោកស្តាយនិងសេចក្តីស្រលាញ់នៅលើបណ្តាញសង្គម។

តារារ៉េប Ruthko ដែលមានដើមកំណើតនៅខេត្តបាត់ដំបងរូបនេះជាគ្រូបង្វឹកនៅក្នុងកម្មវិធី The rapper Cambodia រដូវកាលទី១ និងកម្មវិធី Rapper Fighter ដែលកំពុងដំណើរការប្រកួត។ តារាចម្រៀងរូបនេះ ទើបបានតំណាងកម្ពុជាចូលរួមក្នុងកម្មវិធី AXEAN Festival 2024 ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ នេះនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

មិនត្រឹមតែក្រសោបប្រជាប្រិយភាពក្នុងស្រុកនិងបានបង្ហាត់បង្រៀនទៅដល់អ្នកចម្រៀងរ៉េបជាច្រើនរូបកេរ្តិ៍ឈ្មោះរបស់ Ruthko បានសាងភាយទៅដល់ស្រុកក្រៅជាមួយនឹង វណ្ណដា ផងដែរ។ តារារ៉េបកម្ពុជាពីររូបរួមមាន ម៉ាន់ វណ្ណដា និង Ruthko បានលេចមុខក្នុងទស្សនាវដ្តី Lifted Asia រួមជាមួយតារារ៉េបជាច្រើនរូបទៀតនៅក្នុងតំបន់អាស៊ីក្នុងឱកាសគម្រប់ខួប៣ឆ្នាំនៃការបង្កើតទស្សនាវដ្តីឌីជីថលនេះកាលពីខែមីនា ឆ្នាំ២០២៤។

សម្រង់សម្តីរបស់តារារ៉េបរូបនេះដែលត្រូវបានចុះផ្សាយគឺ «ខ្ញុំចូលចិត្តប្រៀបធៀបជីវិតរបស់ខ្ញុំទៅនឹងផ្កាឈូកកើតចេញពីភក់ ទៅជាផ្កាដ៏ស្រស់ស្អាត»។ ខណៈកាលពីខែមិថុនា ឆ្នាំ២០២៣ វណ្ណដា និង Ruthko ក៏ជាប់ឈ្មោះក្នុងបញ្ជី LiFTED ៥០ ដូចគ្នាដែលជាបញ្ជីប្រមូលផ្តុំដោយតារារ៉េបល្បីៗទាំង៥០នៅក្នុងតំបន់អាស៊ី។ Ruthko តារាចម្រៀងក្នុងផលិតកម្មក្លាបយ៉ាហ៊ែនមានបទល្បីៗដូចជា «សុរា» «បងមកពីលិច» សហការជាមួយ វុទ្ធា កែខ្លួន រាល់ថ្ងៃនេះ ជាមួយ វីន វិទូ និងបទ ស្រលាញ់បងទៅអូន ជាមួយអ្នកនាង ខាត់ សុឃីម ជាដើម រួមទាំងបទចម្រៀងជាច្រើនទៀត៕










