ប្រទេសលុចសំបួរ ៖ បញ្ហាធំបំផុតរបស់ប្រទេសនានាដែលព្យាយាមលើកកម្ពស់យេនឌ័រ គឺភាពខុសគ្នារវាងប្រាក់ចំណូលរបស់បុរស និងស្ត្រី ហើយសូម្បីតែប្រទេសអភិវឌ្ឍន៍រីកចម្រើនជាច្រើនឆ្នាំ ក៏នៅតែជួបបញ្ហាប្រាក់ចំណូលខុសគ្នាដែរ ។ ប៉ុន្តែមានប្រទេសមួយនៅតំបន់អឺរ៉ុបបានដោះស្រាយបញ្ហានេះដោយជោគជ័យ ហើយបច្ចុប្បន្ន ប្រាក់ចំណូលរបស់ស្ត្រីក្នុងប្រទេសនេះ ខ្ពស់ជាងបុរស ។

លុចសំបួរ គឺជាប្រទេសតូចមួយដែលមានពលរដ្ឋរស់នៅត្រឹមតែ៦សែននាក់ប៉ុណ្ណោះ ហើយស្ត្រីក្នុងប្រទេសនេះពុំមែនទើបតែមានប្រាក់ចំណូលច្រើនជាងបុរសនៅឆ្នាំ២០២៤ ទេ ប៉ុន្តែពួកនាងមានប្រាក់ចំណូលច្រើនជាងបុរស តាំងពីឆ្នាំ២០២៣ មកម៉្លេះ ។.png)
កាលពី២០ឆ្នាំមុន ស្ត្រីនៅប្រទេសលុចសំបួរ មានការងារធ្វើតិចជាងបុរសរហូតដល់ជិត២៥% ប៉ុន្តែបច្ចុប្បន្ន ស្ត្រីមានការងារធ្វើតិចជាងបុរសត្រឹមតែ៦% ប៉ុណ្ណោះ ។ វាជាភាគរយតិចបំផុត ហើយភាគរយនេះស្មើគ្នាជាមួយបារាំង ដែលជាប្រទេសមានសមភាពយេនឌ័ររវាងបុរស និងស្ត្រី ។
កត្តាមួយចំនួនដែលធ្វើឱ្យស្ត្រីនៅលុចសំបួរ ទទួលបានប្រាក់ខែច្រើនជាងបុរស គឺរដ្ឋាភិបាលបានជំរុញឱ្យស្ត្រីធ្វើការកាន់តែច្រើន ។ ការងារដែលពួកនាងធ្វើសុទ្ធតែទទួលបានប្រាក់ខែច្រើន ហើយពួកនាងពុំធ្វើការងារណាដែលទទួលបានប្រាក់ខែតិចទេ ។ ហេតុនេះ ទើបធ្វើឱ្យប្រាក់ខែជាមធ្យមរបស់ស្ត្រីខ្ពស់ជាងបុរស ។ រីឯកត្តាមួយទៀត គឺស្ត្រីលុចសំបួរបច្ចុប្បន្ន បានរៀនសូត្រមានចំណេះដឹងខ្ពង់ខ្ពស់ជាងបុរស ។

ហេតុនេះ លុចសំបួរ អាចក្លាយជាគំរូសម្រាប់ប្រទេសផ្សេងៗដែលចង់លើកកម្ពស់យេនឌ័រ និងកាត់បន្ថយគម្លាតប្រាក់ខែរវាងបុរស និងស្ត្រី ។ ទោះយ៉ាងណា មតិមួយចំនួនលើកឡើងថា បើទោះជាស្ត្រីលុចសំបួរទទួលបានប្រាក់ខែច្រើនជាងបុរសក្តី ប៉ុន្តែមានស្ត្រីតិចតួចណាស់ដែលធ្វើការក្នុងតួនាទីធំៗ ឬផ្នែកគ្រប់គ្រងក្រុមហ៊ុន បើធៀបជាមួយប្រទេសផ្សេងៗនៅអឺរ៉ុប ៕










