បន្ទាប់ពីបង្ហើបដំណឹងថានឹងមានការរៀបចំពិធីមង្គលការក្នុងឆ្នាំ២០២៥ ពីសំណាកតារាចម្រៀងរ៉េប ជី ដេវីត និង ទេព បូព្រឹក្ស ក្នុងនោះក៏ល្បីថាអ្នកទាំងពីរលក់សំបុត្រឱ្យហ្វេនៗចូលរួមជាហេតុធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ទោះយ៉ាងណា ចំពោះពាក្យសម្តីថានឹងលក់សំបុត្រក្នុងពិធីមង្គលការនេះ ទេព បូព្រឹក្ស បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ថាមិនមែនជារឿងពិតគ្រាន់តែនិយាយលេងសើចប៉ុណ្ណោះ។

ស្វាគមន៍រដូវកាលទី៧ ទេព បូព្រឹក្ស គឺជាតារាកិត្តិយសដំបូងក្នុងកម្មវិធី 3 Fun ដែលបានចាក់ផ្សាយថ្ងៃសុក្រ ទី៣ មករា ដោយតារាចម្រៀងរូបនេះបានចូលរួមកម្មវិធីកម្សាន្តនេះជាច្រើនដងផងដែររួមទាំងធ្លាប់ចូលរួមគូជាមួយ ជី ដេវីត ចំនួនមួយដង។ ក្នុងបទសម្ភាសន៍លើកនេះ ទេព បូព្រឹក្ស បាននិយាយរឿងរ៉ាវជាច្រើនអមជាមួយនឹងសំណើចយ៉ាងសប្បាយរីករាយជូនទៅដល់ទស្សនិកជន។ ជុំវិញរឿរ៉ាវជាច្រើនក្នុងនោះ ពិធីករក៏បានឈ្លេញសួរពីដំណឹងល្អពោលគឺចង់សម្តៅទៅដល់ពិធីមង្គលការ។
តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហើបថាអាចប្រហែលពាក់កណ្តាលឆ្នាំ២០២៥ នេះក្នុងនោះក៏បានបកស្រាយចំណុចដែលថាលក់សំបុត្រក្នុងពិធីមង្គលការឱ្យហ្វេនៗចូលរួមដូចគ្នា។ ម្ចាស់បទ «Drama Queen» បានអះអាងថាពាក្យសម្តីដែរ ជី ដេវីត ថាចង់លក់សំបុត្រនោះគឺពាក្យនិយាយលេងសើចប៉ុណ្ណោះមិនដែលមានអ្នកណាការលក់សំបុត្រនោះទេ។ ទេព បូព្រឹក្ស ថាបើគិតទៅវាប្លែកដែរតែមិនខុសប្រពៃណីនោះទេ ហើយខ្លួននាងចង់បានកូនមួយទៀតមុននឹងគិតចង់ការប៉ុន្តែមិនងាយស្រួលក្នុងការពរពោះ។
ងាកចេញពីជីវិតឯកជន តារាចម្រៀង ទេព បូព្រឹក្ស ក៏បាននិយាយពីការងារសិល្បៈថាទម្រាំឈានដល់ចំណុចនេះគឺទទួលបានភាពជូរចត់ច្រើនចំណែកការធ្វើបទចម្រៀង ទេវរាជ គឺចំណាយអស់ជាង១០ម៉ឺនដុល្លារ មិនមែនចំណាយអស់៣០ម៉ឺនដុល្លារនោះទេ។
ចំពោះការធ្វើបទចម្រៀងប្រភេទនេះដែលចំណាយអស់ថវិកាច្រើនៗ ទេព បូព្រឹក្ស ថាក្នុងមួយជាតិជាតារាចម្រៀងគឺចង់ធ្វើអ្វីចំណេញដល់វប្បធម៌ជាតិខ្លះ៕










