ប្រទេសកូរ៉េខាងត្បូង ៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok បានបញ្ជាឱ្យមន្ត្រីស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យយន្តហោះ Boeing 737-800 ទាំងអស់ ដែលកំពុងផ្តល់សេវាកម្មហោះហើរក្នុងប្រទេស និងដោះស្រាយបញ្ហាជាបន្ទាន់ បើរកឃើញកំហុស ។ រីឯសមត្ថកិច្ចត្រូវស៊ើបអង្កេតរកមូលហេតុយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jeju Air ធ្លាក់ពី Runway នៅអាកាសយានដ្ឋានកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បណ្តាលឱ្យអ្នកដំណើរស្លា.ប់ យ៉ាងច្រើន ។.png)
លោក Choi បានថ្លែងក្នុងកិច្ចប្រជុំ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ថា ការបំលែងទិន្នន័យពីឧបករណ៍ថតសំឡេង (ប្រអប់ខ្មៅ) ក្នុងបន្ទប់អាកាសយាវនិករបស់យន្តហោះ Jeju Air 7C2216 គឺរួចរាល់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ។ ទិន្នន័យនេះអាចជួយឱ្យយើងដឹងពីហេតុការណ៍សំខាន់នៅនាទីចុងក្រោយមុនពេលកើតហេតុ ។

គ្រោះថ្នាក់យន្តហោះបានកើតឡើងនៅអាកាសយានដ្ឋានមូអាន់ ប្រទេសកូរ៉េខាងត្បូង គឺយន្តហោះ Jeju Air បានចុះចតពុំទម្លាក់កង់ និងធ្វើឱ្យផ្នែកខាងក្រោមយន្តហោះប៉ះទង្គិចជាមួយស៊ីម៉ងត៍ រហូតដល់ឆេះ ។ វាធ្វើឱ្យអ្នកដំណើរ១៧៥នាក់ និងបុគ្គលិកអាកាសចរណ៍៤នាក់ស្លាប់ ហើយមានតែបុគ្គលិកអាកាសចរណ៍២នាក់ប៉ុណ្ណោះរួចផុតពីគ្រោះថ្នាក់ ដែលពួកគេស្ថិតនៅបរិវេណខាងក្រោយ ។
.png)
ពលរដ្ឋកូរ៉េខាងត្បូងបារម្ភយ៉ាងខ្លាំងពីការធ្វើដំណើរតាមយន្តហោះ Jeju Air ហេតុនេះ ក្រសួងគមនាគមន៍ និងស្ថាប័នពាក់ព័ន្ធត្រូវស៊ើបអង្កេតយ៉ាងលម្អិត ក៏ដូចជាត្រួតពិនិត្យការជួសជុលយន្តហោះ និងផ្តល់ចំណេះដឹងផ្នែកអាកាសចរណ៍ ។ នេះបើតាមការលើកឡើងរបស់លោក Choi ។

ចំណែកប្រអប់ខ្មៅបានខូចខាតផ្នែកខ្លះ ហើយកូរ៉េខាងត្បូងនឹងបញ្ជូនវាទៅសហរដ្ឋអាមេរិកដើម្បីវិភាគ ក្រោមការសហការជាមួយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនសហរដ្ឋអាមេរិក ។ អ្នកជំនាញមកពីក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនសហរដ្ឋអាមេរិក, មន្ត្រីគ្រប់គ្រងអាកាសចរណ៍សហរដ្ឋអាមេរិក និងបុគ្គលិកក្រុមហ៊ុន Boeing ដែលផលិតយន្តហោះនេះ បានធ្វើដំណើរមកដល់កូរ៉េខាងត្បូងហើយ ដើម្បីរួមគ្នាស៊ើបអង្កេតរកមូលហេតុពិតប្រាកដ ។

ក្រៅពីនេះ លោក Choi ក៏បានស្នើឱ្យស្ថាប័នពាក់ព័ន្ធផ្តល់ជំនួយដល់ក្រុមគ្រួសារសាកសព និងបញ្ជាឱ្យសមត្ថកិច្ចចាត់វិធានការអ្នកចែកចាយសារស្អប់ខ្ពើម និងព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គមពាក់ព័ន្ធនឹងហេតុការណ៍សោកនាដកម្មរបស់យន្តហោះ Jeju Air ៕









