តារាចម្រៀង នរិទ្ធ បានបង្ហាញថារយៈពេលមួយឆ្នាំនៃ២០២៤លោកមានការពិបាកចិត្តស្មុគស្មាញ និងមានការបាត់បង់ខ្លះៗ ប៉ុន្តែក៏ទទួលបានមកវិញនូវភាពជោគជ័យមានចំនួនដែលសឹងតែមិននឹកស្មានដល់។ ឆ្នាំ២០២៤នេះគឺជាឆ្នាំដែលអស្ចារ្យ ហើយឆ្នាំ២០២៥លោកនឹងខំប្រឹងជាងមុនដើម្បីឱ្យកាន់តែអស្ចារ្យខ្លាំងជាងនេះទៀត។
នៅលើ Story របស់ខ្លួនតារាចម្រៀងរូបសង្ហា នរិទ្ធ បានសរសេរពាក្យយ៉ាងវែងលើកដំបូងថា «អរគុណសម្រាប់ឆ្នាំ២០២៤ ពេលវេលាមួយឆ្នាំបានផ្លាស់ប្តូរ ជីវិតខ្ញុំជាច្រើនបើទោះបីជាត្រូវពិបាកចិត្ត ស្មុគស្មាញ បញ្ហា និងមានការបាត់បង់ខ្លះៗក៏ប៉ុន្តែវាក៏មានការចងចាំ ពេលវេលាល្អៗជាច្រើន ព្រមទាំងជោគជ័យមួយចំនួនដែលសឹងតែនឹកស្មានមិនដល់ ពីសិល្បករម្នាក់ដែលស្ទើរតែបោះបង់ក្តីស្រមៃរបស់ខ្លួនឯងមកឈរនៅចំណុចនេះគឺពិតជាអស្ចារ្យនិង ពិតជាគួរឱ្យដឹងគុណដល់ គ្រួសារមិត្តភក្តិ ក្រុមការងារនិងមនុស្សជុំវិញខ្លួនទាំងអស់ដែលបានជំរុញទឹកចិត្តមកដល់ថ្ងៃនេះជាពិសេសគឺអ្នកគាំទ្ររបស់ខ្ញុំទាំងអស់រួមមានទាំង Polarix Universe ដែលចាំគាំទ្រ និងផ្តល់កម្លាំងចិត្តគ្រប់ពេលវេលា»។
សិល្បកររូបនេះបានបន្ថែមចុងក្រោយដែរថា «ឆ្នាំ២០២៤នេះគឺជាឆ្នាំដែលអស្ចារ្យ ហើយឆ្នាំ ២០២៥ ខ្ញុំនឹងខំប្រឹងជាងមុនដើម្បីអោយកាន់តែអស្ចារ្យខ្លាំងជាងនេះទៀត បទថ្មីឆាប់ៗនេះ»។

គួរឱ្យដឹងថា និរទ្ធ បានសាងប្រជាប្រិយរបស់ខ្លួនតាមរយៈបទចម្រៀងជាច្រើនដូចជា ១ណា ជាមួយ យូហៃ 3am ក្រមុំស្រុកណា ជាមួយ វណ្ណដា Maybe too ជាមួយ កៅ សុភា pem pem ជាមួយ GMENGz និងបទ «BLOCKED» ជាមួយ Emi ជាដើម។
ទោះយ៉ាងណា ក្នុងឆ្នាំ២០២៤ លោកក៏ត្រូវចែកផ្លូវគ្នាជាមួយនឹង ជូវី ដែលស្ថិតនៅក្នុងក្រុម ប៉ូឡារិច ជាមួយគ្នាសម្រេចចិត្តរំសាយក្រុមចោលដើរផ្លូវរៀងខ្លួន។ តារាចម្រៀង នរិទ្ធ ក៏មានពាក្យចចាមអារ៉ាមស្នេហាជាមួយនឹងនារីស្រស់ស្អាតម្នាក់ផងដែរ ប៉ុន្តែលោកបានរក្សាភាពស្ងៀមស្ងាត់ចំពោះពាក្យចចាមអារ៉ាមនេះ៕










