ប្រទេសចិន៖ ទីក្រុង Dayong Town ត្រូវបានសាងសង់ឡើងតាមរចនាបទនៃទីក្រុងបុរាណ ដោយបានចំណាយថវិកាអស់ ៣០០ លានដុល្លារអាមេរិក ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ប៉ុន្តែនៅពេលសាងសង់រួចទីក្រុងមួយនេះស្រាប់តែគ្មានភ្ញៀវមកទស្សនាសោះឡើយ។

ទីក្រុង Dayong Town បានបើកដំណើរការនៅឆ្នាំ ២០២១ ដែលសាងសង់ដោយអ្នកវិនិយោគក្នុងក្តីសង្ឃឹមថានឹងទាក់ទាញអ្នកទេសចរកាន់តែច្រើនទៅកាន់ទីក្រុង Zhangjiajie ខេត្ត Hunan ប្រទេសចិន ប៉ុន្តែនៅពេលសាងសង់រួចទីក្រុងនេះទទួលភ្ញៀវបានត្រឹមតែ ១០ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។
តំបន់ទេសចរណ៍នេះមានទីតាំងនៅផ្លូវ Jiefang ជាមួយនឹងការវិនិយោគសរុបជាង ២.២ ពាន់លានយន់ (ប្រមាណ ៣០០ លានដុល្លារអាមេរិក) សាងសង់ឡើងតាមរចនាបទនៃទីក្រុងបុរាណ ដើម្បីរំលឹកដល់ប្រទេសចិនបុរាណ ដោយមានត្រីមាសដ៏ស្រស់បំព្រង រួមជាមួយព្រះពន្លា ជញ្ជាំងថ្ម និងផ្លូវធ្វើពីថ្ម។ ប៉ុន្តែបន្ទាប់ពីរយៈពេលបីឆ្នាំនៃការបើកដំណើរការ ទីប្រជុំជន Dayong ស្រាប់តែក្លាយទៅជាទីក្រុងដែលគេបោះចោល ឬមើលរំលងទៅវិញ។ ជំនួសឱ្យការរកលុយ កន្លែងកម្សាន្តនេះបានទទួលរងការខាតបង់ជាង ៥០០ លានយន់ (ប្រមាណជាង ៧០ លានដុល្លារ) ចាប់តាំងពីបើកដំណើរការមក។
.png)
គិតត្រឹមឆមាសទីមួយនៃឆ្នាំ ២០២៤ ទីក្រុង Dayong លក់សំបុត្រអស់ ២,៣០០ សន្លឹក ដែលជាមធ្យមប្រហែល ១៣ សំបុត្រក្នុងមួយថ្ងៃ។ នៅថ្ងៃធ្វើការកន្លែងនេះប្រៀបដូចជា “ទីក្រុងខ្មោច” ដោយទីលានសំខាន់ត្រូវបានគេមើលរំលង ហើយហាងនៅតាមបណ្តោយផ្លូវក៏បិទអស់ សូម្បីគោមពណ៌ក្រហមដែលព្យួរនៅមាត់ទ្វារខាងកើតនៃទីក្រុងបុរាណនេះក៏ត្រូវបានរហែក និងរសាត់អស់ផងដែរ។ មូលហេតុដែលកន្លែងកម្សាន្តនេះគ្មានភ្ញៀវមកទស្សនាគឺដោយសារគម្រោងនេះមានគុណវិបត្តិជាច្រើន ហើយជាការរួមបញ្ចូលគ្នាដ៏ឆ្គងនៃស្ថាបត្យកម្មបុរាណ និងទំនើប ដូច្នេះវាមិនទាក់ទាញអតិថិជនច្រើននោះទេ។

លើសពីនេះទីតាំងកណ្តាលនៃទីក្រុងដែលមានចម្ងាយតែ ៣ គីឡូម៉ែត្រពីស្ថានីយ៍រថភ្លើង Zhangjiajie មិនមែនជាអត្ថប្រយោជន៍ធំដូចដែលអ្នកវិនិយោគរំពឹងទុកនោះទេ។ ក្រុមហ៊ុនទេសចរណ៍ជាច្រើនមិនរាប់បញ្ចូលទីប្រជុំជន Danyong ក្នុងកាលវិភាគទេសចរណ៍របស់ពួកគេទេ ដែលនេះក៏ជាហេតុផលដែលកន្លែងនេះត្រូវបានគេបោះបង់ចោលផងដែរ។
ទោះជាយ៉ាងណាការបរាជ័យនៃតំបន់ទេសចរណ៍នេះបានធ្វើឱ្យមន្ត្រីជាន់ខ្ពស់របស់ចិនកត់សម្គាល់ និងគ្រោងអភិវឌ្ឍវិស័យទេសចរណ៍ បង្កើនគុណភាព និងប្រសិទ្ធភាពនៃការវិនិយោគឡើងវិញ។ ពួកគេក៏សម្រេចបើកឱ្យភ្ញៀវទេសចរណ៍ចូលទស្សនាដោយឥតគិថ្លៃ ដូច្នេះសព្វថ្ងៃនេះទីក្រុង Danyong ត្រូវបានអ្នកស្រុកចាត់ទុកថាជាសួនសាធារណៈដោយមិនគិតថ្លៃចូល។ ជំនួសឱ្យកន្លែងទេសចរណ៍ មនុស្សជាច្រើននាំកូន និងសត្វចិញ្ចឹមរបស់ពួកគេទៅដើរលេងជារៀងរាល់ថ្ងៃ៕










