ប្រទេសថៃ ៖ ផ្សារបណ្តែតទឹក គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅប្រទេសថៃ ដែលបានទាក់ទាញភ្ញៀវទេសចរថៃ និងបរទេសមកកម្សាន្តយ៉ាងច្រើនក្នុង១ឆ្នាំៗ ដោយសារសម្បូរម្ហូបអាហារឆ្ងាញ់លក់លើទូក ។ ភ្ញៀវទេសចរអាចជិះទូកកម្សាន្តតាមប្រឡាយគយគន់មើលហាងលក់ទំនិញផ្សេងៗ និងមើលពីការរស់នៅតាមមាត់ប្រឡាយរបស់ពលរដ្ឋថៃ ប៉ុន្តែថ្មីៗនេះ ភ្ញៀវទេសចរបរទេសម្នាក់បានប្រាប់ឱ្យប្រយ័ត្នពេលមកបរិភោគអាហារនៅទីនេះ ។
វីដេអូមួយត្រូវបានចែកចាយយ៉ាងច្រើនក្នុងបណ្តាញសង្គមកាលពីដើមខែមករា ឆ្នាំ២០២៥ ដែលវីដេអូនេះថតដោយភ្ញៀវទេសចរបរទេសម្នាក់ពេលមកកម្សាន្តនៅផ្សារបណ្តែតទឹកមួយកន្លែងក្នុងប្រទេសថៃ និងបានសួរពីបញ្ហាអនាម័យការចម្អិនអាហារលក់ឱ្យភ្ញៀវទេសចរ ។ រីឯអ្នកលេងបណ្តាញសង្គមថៃ ក៏ពុំគាំទ្រទង្វើនេះដែរ ដែលធ្វើឱ្យខូចដល់កេរ្តិ៍ឈ្មោះប្រទេសជាតិដែលល្បីល្បាញផ្នែកអាហារ ។
បើតាមវីដេអូ គឺអ្នកលក់អាហារម្នាក់លើផ្សារបណ្តែតទឹកបានលាងសម្អាតខ្ទះ វែកឆា និងសម្ភារៈផ្សេងទៀតក្នុងទឹកប្រឡាយតូចមួយដែលមានសភាពល្អក់ខ្មៅ ហើយពុំចាប់អារម្មណ៍នឹងក្រសែភ្នែកភ្ញៀវទេសចរ ។ ភ្ញៀវទេសចរជាម្ចាស់វីដេអូនិយាយថា ៖ «អាហារថៃមានរសជាតិឆ្ងាញ់ ប៉ុន្តែខ្ញុំចង់ឱ្យភ្ញៀវទេសចរប្រយ័ត្នរឿងអ្នកលក់អាហារលាងចានក្នុងទឹកប្រឡាយ ចូរមើលទឹកនេះ តើវាមានសភាពបែបណា?» ។
ក្រោយពីមានការចែកចាយវីដេអូនេះក្នុងបណ្តាញសង្គម អ្នកលេងបណ្តាញសង្គមថៃនិយាយថា បច្ចុប្បន្ន ប្រភពទឹកតាមធម្មជាតិមិនស្អាតសម្រាប់ការលាងចានឆ្នាំងទេ ហើយការទម្លាក់កាកសំណល់អាហារចូលក្នុងទឹកបែបនេះ ក៏ពុំគួរធ្វើដែរ ពីព្រោះវានឹងធ្វើឱ្យទឹកកខ្វក់ ។ អ្នកខ្លះទៀតបានរិះគន់ពីការបោះចោលកាកសំណល់អាហារក្នុងទឹករបស់អ្នករស់នៅតាមមាត់ប្រឡាយ ។
អ្នកលេងបណ្តាញសង្គមផ្សេងទៀតនិយាយថា ខ្លួនបានឃើញការលាងចានឆ្នាំងក្នុងទឹកប្រឡាយយូរហើយ ជាពិសេស អ្នកលក់គុយទាវ អ្នកលក់គិតតែពីរឿងអាហារឆ្ងាញ់ ប៉ុន្តែភ្លេចគិតពីអនាម័យ ។ វាធ្វើឱ្យខូចមុខមាត់ប្រទេសជាតិ អ្នកលក់ចំណីអាហារត្រូវប្រយ័ត្នបន្តិចរឿងអនាម័យ ។ បើលាងចានឆ្នាំងសម្រាប់ដាំស្លបរិភោគក្នុងគ្រួសារមិនអីទេ ប៉ុន្តែនេះយើងទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ ៕
@khaosodonline ฝรั่ง งง ไทยก็ งง แม่ค้าใช้น้ำคลองล้าง กระทะ ตะหลิว #ข่าวสด #ข่าวtiktok
♬ original sound – ข่าวสด Khaosodonline – ข่าวสด Khaosodonline










