ការសម្តែងទស្សនីយភាពសិល្បៈដ៏កម្រមួយ ក្រោមចំណងជើងថា”លោក ជីវ តាក្វាន់ បានជួបនគរចេនឡា” ដែលបានប្រព្រឹត្តិទៅនៅឯសាលមហោស្រពចតុមុខ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ បានបង្កឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសជាមួយនឹងព្រះរាជវត្តមានសម្តែងផ្ទាល់ពីព្រះនាងតូច នរោត្តម ជេនណា។
«លោក ជីវ តាក្វាន់ បានជួបនគរចេនឡា» ជាកំណត់ត្រាចិនដ៏ល្បីអំឡុងសតវត្សទី ១៣ ដែលពិពណ៌នាអំពីវប្បធម៌ អរិយធម៌នាសម័យអង្គរដ៏រុងរឿងរបស់ខ្មែរ។ ការសម្តែងនេះបានបង្ហាញអំពីដំណើរប្រវត្តិសាស្ត្ររបស់អ្នកការទូតចិន ជីវ តាក្វាន់ ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក្នុងសតវត្សទី ១៣។ ដំណើរនៃសាច់រឿងនេះបាននាំឲ្យទស្សនិកជនជក់ចិត្តដិតអារម្មណ៍តាមរយៈការសម្តែង ការរាំ ការច្រៀង ក៏ដូចជារបាំបុរាណ ពីសំណាក់សិល្បៈករ និងសិល្បៈការីទាំងចិននិងខ្មែរយ៉ាងច្រើនកុះករ។
យ៉ាងណា ទស្សនីយភាពសិល្បៈដ៏ធំលើកនេះ ក៏រួមព្រះវត្តមានសម្តែងពីព្រះនាងតូចនរោត្តមជេនណាផងដែរ។ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍លើព្រះនាងតូចនោះ តាមរយៈការសម្តែងគឺទ្រង់អាចមានបន្ទូលទាំងជាភាសាជាតិផង និងជាភាសាចិនផង ដែលឆ្លុះបញ្ចាំងអំពីការលាយបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រនិងវប្បធម៌ខ្មែរ-ចិន នាសម័យបុរាណកាល។
បន្ថែមពីនេះ តាមរយៈសាច់រឿងគេក៏បានប្រទះឃើញ ព្រះនាងតូចសម្តែងរបាំបុរាណខ្មែរ ក្នុងព្រះកាយវិការយ៉ាងទន់ភ្លន់ល្វត់ល្វន់ និងស្រស់ស្អាតខ្លាំង រហូតដល់មហាជនកោតស្ញប់ស្ញែងគ្រប់ៗគ្នាផងដែរ៕










