ស្របពេលប្រទេសនានាលើពិភពលោក រួមគ្នាអបអរការឆ្លងឆ្នាំសកល ឆ្នាំ២០២៥ អ្នកដំណើរមួយចំនួនបានធ្វើដំណើរឆ្លងប្រទេស ប៉ុន្តែវាជាការធ្វើដំណើរត្រឡប់ពេលវេលា ។ អ្នកដំណើរទាំងអស់បានឡើងជិះយន្តហោះនៅប្រទេសដែលឈានចូលឆ្នាំ២០២៥ រួចហើយ បែរជាយន្តហោះចុះចតនៅប្រទេសពុំទាន់ឆ្លងឆ្នាំ គឺឆ្នាំ២០២៤ ។ នេះបើតាមការផ្សព្វផ្សាយរបស់គេហទំព័រ Hflight ។

គេហទំព័រ Hflight បានត្រួតពិនិត្យទិន្នន័យពីវែបសាយ Flightradar24 ឃើញថា យន្តហោះជើងហោះហើរ NH106 របស់ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) ដែលចាកចេញពីអាកាសយានដ្ឋានហាណេតាក់ ទីក្រុងតូក្យូ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ហើយអ្នកដំណើរបានឆ្លងឆ្នាំ (Countdown) នៅប្រទេសជប៉ុនរួចហើយ បែរជាពួកគេមកដល់គោលដៅនៅឆ្នាំ២០២៤ ។

យន្តហោះនេះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិឡូសអេនជឺឡេស សហរដ្ឋអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយធ្វើឱ្យអ្នកដំណើរឆ្លងឆ្នាំនៅសហរដ្ឋអាមេរិកម្តងទៀត ។ មូលហេតុដែលយន្តហោះធ្វើដំណើរត្រឡប់ពេលវេលាទៅកាន់ឆ្នាំ២០២៤ វិញ ដោយសារពេលវេលានៅទីក្រុងតូក្យូ លឿនជាងទីក្រុងឡូសអេនជឺឡេស រហូតដល់១៧ម៉ោង ។.jpg)
ពេលយន្តហោះចាកចេញពីទីក្រុងតូក្យូ នៅវេលាម៉ោង១យប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ គឺនៅទីក្រុងឡូសអេនជឺឡេស ទើបតែម៉ោង៨ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។ ដូច្នេះ ការធ្វើដំណើររយៈពេល៩ម៉ោង គឺធ្វើឱ្យយន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិឡូសអេនជឺឡេស នាល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។.jpg)
ដូចគ្នានេះ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ CATHAY PACIFIC ក៏បានធ្វើដំណើរត្រឡប់ពេលវេលាដែរ គឺយន្តហោះនេះចាកចេញពីទីក្រុងហុងកុង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ហើយទៅដល់ទីក្រុងឡូសអេនជឺឡេស នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។ បុគ្គលិកអាកាសចរណ៍ប្រាប់ថា ពេលវេលារបស់ប្រទេសនីមួយៗពុំដូចគ្នាទេ គឺអាស្រ័យលើខ្សែកំណត់ពេលវេលា (International Date Line / IDL) ៕










