សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសរាយការណ៍ថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ជនល្មើ.ស បានបើករថយន្តភីកអាប់បុកហ្វូងមនុស្សដែលកំពុងចូលរួមអបអរឆ្លងឆ្នាំនៅតំបន់ French Quarter ដ៏ល្បីល្បាញក្នុងទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមនុស្សស្លា.ប់ ចំនួន១០នាក់ និងរងរបួស៣៥នាក់ ។.png)
ជនល្មើសស្លៀកពាក់ឯកសណ្ឋានយោធាបានបើករថយន្តក្នុងល្បឿនលឿនខ្លាំងទៅបុកហ្វូងមនុស្សដើរនៅតាមផ្លូវ រួចហើយ ជនល្មើសក៏ចុះពីរថយន្តមកបាញ់តទល់ជាមួយសមត្ថកិច្ចបណ្តាលឱ្យសមត្ថកិច្ច២នាក់រងរបួស រីឯជនល្មើសត្រូវបានសមត្ថកិច្ចបាញ់ស្លា.ប់ នៅនឹងកន្លែង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CBS News ។
ស្នងការប៉ូលិសនៅទីក្រុង New Orleans លោកស្រី Anne Kirkpatrick និយាយថា បុរសម្នាក់ព្យាយាមបើករថយន្តបុកមនុស្សឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ។ នៅថ្ងៃកើតហេតុ មនុស្សម្នាបានដើរតាមផ្លូវដើម្បីអបអរឆ្លងឆ្នាំក្នុងតំបន់ French Quarter ដែលសម្បូរក្លិបរាត្រី និងភោជនីយដ្ឋាន ។ បុរសនេះបានតាំងចិត្តធ្វើឱ្យមនុស្សស្លាប់តាមផ្លូវច្រើនបំផុត និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ។.png)
ក្រោយពីបាញ់ជនល្មើសស្លាប់នៅហ្នឹងកន្លែង សមត្ថកិច្ចបានស៊ើបអង្កេតរកមូលហេតុដែលធ្វើឱ្យជនល្មើសហ៊ានប្រព្រឹត្តបែបនេះ ។ ប៉ុន្តែសមត្ថកិច្ចពុំបានបញ្ជាក់ពីអត្តសញ្ញាណលម្អិតរបស់ជនល្មើសទេ ។

មន្ត្រីនាំពាក្យការិយាល័យស៊ើបអង្កេត (FBI) បញ្ជាក់ថា ពួកគេនឹងស៊ើបអង្កេតករណីករណីភេរវកម្មនេះបន្តទៀត ពីព្រោះជនល្មើសជាក្រុមប្រដាប់អាវុធរដ្ឋអិស្លាម (ISIS) ដោយសារមានគ្រឿងផ្ទុះលើរថយន្ត ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ពលរដ្ឋអាមេរិក២នាក់បានស្លាប់ និងរងរបួស១០នាក់ ដោយសារការបាញ់ក្បួនដង្ហែរនៅទីក្រុង New Orleans ។
ប្រធានាធិបតីអាមេរិក លោក Joe Biden បានបញ្ជាឱ្យមន្ត្រីស្ថាប័នពាក់ព័ន្ធសហការគ្នាស៊ើបអង្កេតរកមូលហេតុពិតប្រាកដឱ្យបានឆាប់រហ័សបំផុត និងត្រូវតែធានាសុវត្ថិភាពជូនពលរដ្ឋឱ្យចៀសផុតពីការគំរាមកំហែងនានា ៕










