ជឿជាក់ថាប្រិយមិត្តភាគតិចណាស់ដែលបានដឹងអំពីរឿងរ៉ាវដ៏កម្សន្តរបស់ដំរីឈ្មោលមួយក្បាល ដែលមានឈ្មោះថា ខាវ៉ាន រស់នៅជើងជាប់.ច្រវ៉ាក់ ជាមួយនឹងគូរស្នេហ៍យ៉ាងវេទ.នា ក្នុងប្រទេសប៉ាគីស្ថាន ហើយក៏ត្រូវនាងលា.ចាកលោកចោលទៀត។ តែយ៉ាងណា ជីវិតវាបានផ្លាស់ប្តូរទាំងស្រុង បន្ទាប់ពីបានផ្លាស់ប្តូរមករស់នៅក្នុងប្រទេសកម្ពុជាវិញ។
ខាវ៉ាន គឺជាពូជដំរីឈ្មោលអាស៊ីតែមួយគត់ ដែលរដ្ឋាភិបាលស្រីលង្ការប្រគល់ឲ្យមករស់នៅក្នុងប្រទេសប៉ាគីស្ថានអំឡុងឆ្នាំ ១៩៨៥។ លុះដល់ឆ្នាំ ១៩៩០ ទើបដំរីញីមួយក្បាលទៀតដែលមានឈ្មោះថា Saheli បាននាំយកមកពីប្រទេសបង់ក្លាដែស ដើម្បីឲ្យក្លាយជាដៃគូរបស់ខាវ៉ាន។ ដំរីទាំងពីរបានចំណាយពេល ២២ ឆ្នាំ រួមរស់នៅជាមួយគ្នា នៅឯសួនសត្វមួយកន្លែងក្នុងប្រទេសប៉ាគីស្ថាន។ តែជាអកុសល ក្នុងឆ្នាំ ២០១២ នាងដំរីញី Saheli បានលាចាកលោកចោលនាយដំរីខាវ៉ានទៅ។
បន្ទាប់ពីនោះមក ខាវ៉ាន ត្រូវបានគេប្រសិទ្ធនាមថាដំរីដែលឯកកោបំផុតនៅលើពិភពលោក រស់នៅតែកណ្តោចកណ្តែង ក្នុងសួនសត្វ ដីទំហំមិនដល់មួយហិចតា ថែមទាំងជើងជាប់ច្រវ៉ាក់ អស់រយៈពេលជាច្រើនឆ្នាំ ហើយត្រូវបានបង្ខំឲ្យសំដែងទទួលភ្ញៀវទៀត។ ខណៈការស្លាប់របស់ដំរីញីសាហេលី ត្រូវបានគេឲ្យដឹងថា នាងឆ្លងមេរោគ ពីច្រវ៉ាក់ដែលបានដាក់នៅជាប់ជើងនាងផងដែរ។
ការរស់នៅទីនោះ ខាវ៉ានគឺមិនទទួលបានអាហារូបត្ថម្ភត្រឹមត្រូវ និងមិនមានការមើលថែទាំដិតដល់ពីក្រុមកាងារនោះទេ។ ដំរីមួយមួយក្បាលនេះហាក់រងសម្ពាធយ៉ាងខ្លាំងពីកត្តាទាំងនេះ រហូតដល់ត្រូវបានអ្នកជំនាញអះអាងថា វាកើតមាននូវវិបត្តិផ្លូវចិត្ត ដែលជារឿយៗតែងបញ្ចេញនូវអាកប្បកិរិយាប្លែកៗផងដែរ។
ដោយមើលឃើញពីទុក្ខវេទនារបស់ដំរីខាវ៉ាន ទើបជំរុញឲ្យមានការស៊ូមតិផ្លូវច្បាប់ពីសកម្មជនល្បីៗ ក៏ដូចជាស្របតាមការសម្រេចរបស់តុលាការកំពូលប៉ាគីស្ថាន ខាវ៉ានត្រូវបានផ្លាស់ឲ្យមករស់នៅឯដែនជម្រកសត្វព្រៃធម្មជាតិក្នុងប្រទេសកម្ពុជាវិញ នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០។
សូមជាជម្រាបថា នាពេលបច្ចុប្បន្ន ដំរីខាវ៉ាន មានអាយុប្រមាណ ៤០ឆ្នាំហើយ កំពុងរស់នៅឯដែនជម្រកសត្វព្រៃគូលេនព្រហ្មទេពក្នុងភូមិសាស្រ្ត ខេត្តឧត្តរមានជ័យ។ នៅលើទឹកដីប្រទេសកម្ពុជា ខាវ៉ាន ត្រូវបានគេឲ្យដឹងថាមានសុខភាពល្អ មាំមួនណាស់ និងរីករាយជាមួយនឹងជីវិតដ៏មានសេរីភាពរបស់វាជាខ្លាំង។ ឥឡូវនេះ ខាវ៉ានលែងឯកោរទៀតហើយ ខណៈមានដំរីញី ២ក្បាល ជាដៃគូរផងដែរ គឺឈ្មោះ ស្រីអៀន និងជីប្លក់ (ដែលជាពូជដំរីអាស៊ីកម្ពុជា)។ តែដំរីខាវ៉ាន ហាក់ចាប់ចិត្តតែជាមួយស្រីអៀនប៉ុណ្ណោះ៕










