ថ្មីៗនេះ នៅលើបណ្តាញសង្គម មហាជនភាគច្រើនហាក់មានការចាប់អារម្មណ៍ខ្លាំងទៅលើយុវតីមួយរូប មានភាពស្ទាត់ជំនាញទៅលើកីឡាជិះស្គី ថែមទាំងមានឆន្ទៈក្នុងការផ្សព្វផ្សាយនិងលើកស្ទួយសម្បត្តិវប្បធម៌ខ្មែរ។
យុវតីដ៏ស្រស់ស្អាតរូបនេះ មានឈ្មោះថា ងិក ចា ដែលនាងក៏ត្រូវបានគេស្គាល់ថា ជាតារាម៉ូដែលផងនិងតារាសម្តែងផង។ យ៉ាងណាថ្មីៗនេះ នៅលើបណ្តាញសង្គម តាមរយៈការដាក់បង្ហោះវីដេអូរបស់នាងជាច្រើនហាក់ Viral ខ្លាំងមែនទែន ដោយបង្ហាញអំពីទេពកោសល្យក្នុងការជិះស្គីជើងយ៉ាងប៉ិនប្រសព្វបំផុតស្របតាមយុគសម័យថ្មី តែក៏មិនបំភ្លេចទំនៀមទម្លាប់ប្រពៃណី។

អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងទៅលើយុវតីរូបនេះគឺ នាងជិះស្គី ដោយគ្រងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ជាអាវរបាំ និងជាស្បៃបុរាណ ព្រមជាមួយជាមួយសំពត់ចងក្បិនយ៉ាងស្រស់ស្អាត។ បន្ថែមពីនោះ តាមរយៈវីដេអូ នាងគឺព្យាយាមបង្ហាញអំពីទីតាំងប្រវត្តិសាស្រ្តខ្មែរ ដូចជារមនីយដ្ឋានវត្តភ្នំ និងមុខព្រះបរមរាជវាំងជាដើម។ 
បន្ទាប់ពីវីដេអូទាំងនោះបានដាក់បង្ហោះទៅ ក៏ទទួលបានមតិកោតសរសើរព្រោងព្រាតពីមហាជន ដោយមតិមួយបានលើកឡើងថា«ឡូយណាស់តើ! ស្លៀកបុរាណ+ជិះស្គីបែបសម័យ មានភាពទាក់ទាញ សិល្បៈទាំងអស់ គឺកើតចេញពីមនុស្សជាអ្នកច្នៃប្រឌិតវា»។ មតិមួយទៀតថា«វប្បធម៌ខ្មែរយើងមិនបោះបង់ តែយើងក៏ត្រូវទទួលយកអ្វីដែរថ្មីជានិច្ច ព្រោះនេះជាសម័យទំនើប»។
«សរសើរកូនខ្មែរ ឥឡូវពូកែៗ និងទាន់សម័យកាល តាមពិតទៅក្បិនជាសម្លៀកបំពាក់ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរយើង ទោះចង់ស្លៀកដើរផ្សារ ទៅវត្តបុណ្យទានក៏បាន សំខាន់អោយតែនៅប្រើប្រាស់។ គ្រាន់តែសម័យបុរាណអត់ស្គី ចឹងស្លៀកជិះស្គីក៏បាន ជិះកង់ ជិះម៉ូតូក៏បាន តាមសម័យកាល សំខាន់នេះគឺទម្រង់ខ្មែរ អាវនិងសំពត់ក្រណាត់របស់ខ្មែរ»៕









