Home ព័ត៌មានអន្តរជាតិ មុនសម្រេចចិត្តសាក់រូបលើខ្លួនប្រាណ សូមពិចារណាឱ្យបានច្បាស់កុំឱ្យស្តាយក្រោយដូចបុរសម្នាក់នេះ

មុនសម្រេចចិត្តសាក់រូបលើខ្លួនប្រាណ សូមពិចារណាឱ្យបានច្បាស់កុំឱ្យស្តាយក្រោយដូចបុរសម្នាក់នេះ

111
0

ប្រទេសចិន ៖ ស្នាមសាក់លើផ្ទៃមុខបានធ្វើឱ្យជីវិតជួបតែការបរាជ័យអស់រយៈពេល៦ឆ្នាំ ហើយខ្ញុំដាក់ពាក្យធ្វើការជាច្រើនកន្លែងហើយ ប៉ុន្តែគ្មានក្រុមហ៊ុនណាទទួលទេ ។ ខ្ញុំចង់លុបវាចេញវិញ ពីព្រោះចង់មានជីវិតល្អប្រសើរជាងនេះ ហើយសូមផ្តាំទៅយុវវ័យផងថា កុំសាក់ដូចខ្ញុំ ប្រយ័ត្នអស់អនាគត ។ នេះបើតាមការលើកឡើងរបស់បុរសចិនម្នាក់ អាយុ២៤ឆ្នាំ ។

បុរសរូបនេះបានរៀបរាប់ពីបទពិសោធន៍ដ៏សែនឈឺចាប់ កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ថា លោកចាប់ផ្តើមសាក់លើផ្ទៃមុខ និងរាងកាយកាលពី៦ឆ្នាំមុន ហើយចាប់ពីពេលនោះមក លោកទៅដាក់ពាក្យធ្វើការនៅក្រុមហ៊ុនណា ក៏គេអត់ទទួលដែរ ។ វាធ្វើឱ្យលោកចុះចាញ់ក្នុងជីវិត រហូតដល់សម្រេចចិត្តលុបស្នាមសាក់លើមុខចេញ ។

កាលពីវ័យកុមារ លោកមានជំងឺធ្លាក់ទឹកចិត្ត ទើបចង់បង្ហាញពីអារម្មណ៍របស់ខ្លួនតាមរយៈស្នាមសាក់ និងយល់ថា ការសាក់ធ្វើឱ្យលោកមានសេចក្តីសុខ ។ នៅឆ្នាំ២០១៨ លោកក៏បានសាក់ចាប់ពីក្បាល មុខ ក និងពេញខ្លួនប្រាណទាំងអស់ ប៉ុន្តែរយៈពេលកន្លងមកនេះ លោករស់នៅយ៉ាងលំបាក គ្មានការងារធ្វើ ហើយធ្វើឱ្យសេដ្ឋកិច្ចគ្រួសារដុនដាបយ៉ាងខ្លាំង ។

ក្រៅពីនេះ លោកត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនមើលងាយពេលលោក Live ទៀតផង ហើយដោយសារផ្ទៃមុខមានស្នាមសាក់ច្រើនពេក ធ្វើឱ្យលោកពិបាក Login ចូលក្នុងទូរស័ព្ទដៃ និងពិបាកផ្លាស់ប្តូរ Face ID ។ នាពេលថ្មីៗនេះ លោកក៏ចាប់ផ្តើមលុបស្នាមសាក់លើមុខវិញ ដើម្បីដោះស្រាយបញ្ហាទាំងអស់ ។

ចំណែកអ្នកជំនាញបំបាត់ស្នាមសាក់ប្រាប់ថា ស្នាមសាក់ទូទៅអាចលុបជ្រះ ចាប់ពី៣លើក ទៅ៤លើក ប៉ុន្តែស្នាមសាក់របស់បុរសនេះពិបាកលុប ដោយសារមានពណ៌ក្រាស់ៗ និងពាសពេញទាំងអស់ ជាពិសេស នៅជុំវិញភ្នែក ។ ស្បែកជុំវិញភ្នែកនេះមានសភាពស្តើងខ្លាំង ហើយការលុបស្នាមសាក់នៅចំណុចនេះអាចកើតដំបៅបាន ។

រឿងរ៉ាវរបស់បុរសរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចិនចាប់អារម្មណ៍យ៉ាងខ្លាំង មនុស្សមួយចំនួនបានសរសើរពីភាពក្លាហានចំពោះការនិយាយពីបញ្ហារបស់ខ្លួនជាសាធារណៈ និងសម្រេចចិត្តលុបស្នាមសាក់ ។ រីឯអ្នកខ្លះទៀតបានចែករំលែករឿងរ៉ាវនេះសម្រាប់ជាឧទាហរណ៍ដាស់តឿនយុវវ័យផ្សេងទៀតកុំឱ្យយកគំរូតាម ពីព្រោះវាជាការបំផ្លាញអនាគត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdSIK3OUkIxHW4F_vumgF-0PNCVtGJ0Rq9HzCPwOmoCpsRT7lDk1QckTDbDfiEDKTFq22v_zSaFSmahOJQJWkbxlUbEousgrmAma9J-LSZX6Y3mTmZu80zBvDEmu7cOCaNUTDA7dlUupLKMhjEvs_wpdLOb_mQ_bhElT87vrYMC-W1Y_TVGPI0PFRp0I3G/s696/photo_2024-12-30_12-04-53.jpg