ប្រទេសកម្ពុជា ទឹកដីអច្ឆរិយៈ ដែលសម្បូរទៅដោយប្រាសាទបុរាណ ទីតំាងប្រវត្តិសាស្រ្ត ព្រមជាមួយនឹងគម្របធម្មជាតិពណ៌បៃតងខៀវខ្ចីនិងជីវចម្រុះដ៏សម្បូរបែប។ ថ្មីៗនេះ គេហទំព័រដ៏ល្បីមួយបានចាត់ថ្នាក់ ប្រទេសកម្ពុជា ថាជាទីតំាងដ៏ល្អឥតខ្ចោះសម្រាប់អ្នកស្រលាញ់ធម្មជាតិមកទស្សនាកម្សាន្ត។
យោងតាមការស្ទង់មតិពីគេហទំព័រ BookRetreats បានចាត់ថ្នាក់ប្រទេសទាំង១០ ដែលសម្បូរដោយទីតំាងធម្មជាតិដ៏ស្រស់ស្អាតបំផុតលើលោក សម្រាប់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនាថ្ងៃឈប់សម្រាក ដោយជាមួយគ្នានោះ កម្ពុជាយើងឈរលើលេខរៀងទី ៩។

ចំណែកចំណាត់ថ្នាក់ទាំង ១០ នោះវិញគឺរួមមាន ចំណាត់ថ្នាក់១ ប្រទេសប្រេស៊ីល , ២ កូស្តារីកា , ៣ ប៉ាណាម៉ា , ៤ បូលីវី , ៥.ប្រទេសជប៉ុន ៦.ហ្វាំងឡង់ , ៧.ស៊ុយអែត ,៨.អាល្លឺម៉ង់ ,៩.កម្ពុជា និង ១០. អូទ្រីស។
សូមជម្រាបថា ប្រទេសកម្ពុជាគឺជាទឹកដីដ៏សម្បូរបែបនិងអំណោយផលដល់ធនធានធម្មជាតិ ដែលរួមមានទាំងសមុទ្រ ព្រៃ ភ្នំ ទន្លេបឹងបួរ ជីវចម្រុះ ព្រមជាមួយនឹងរមនីយដ្ឋានទាំងធម្មជាតិនិងកែច្នៃ ហើយកាន់តែអស្ចារ្យនោះគឺប្រាសាទបុរាណដែលបន្សល់ទុកពីបុព្វបុរសខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់។ បើក្រឡេកទៅកាន់តំបន់ការពារធម្មជាតិនៅកម្ពុជាវិញ បានបែកចែកជា ៨ ប្រភេទ ដែលរួមមាន តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ស្នូលនៃបឋនីយជីវមណ្ឌល តំបន់បេតិកភណ្ឌធម្មជាតិ តំបន់ឧទ្យានជាតិសមុទ្រ ជាមួយនឹងផ្ទៃដីនិងគម្របព្រៃឈើរាប់លានហិចតា៕










