សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump នឹងដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ចាប់ពីថ្ងៃឡើងកាន់តំណែងដំបូង ពីព្រោះអាមេរិកបានចំណាយថវិកាយ៉ាងច្រើនសម្រាប់មន្ត្រីអង្គការ ហើយលោកពុំពេញចិត្តនឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់អង្គការកន្លងមក ។ នេះបើតាមការចុះផ្សាយរបស់កាសែត Financial Times កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ។
.png)
លោក Trump និយាយថា អង្គការសុខភាពពិភពលោក ស្ថិតក្រោមការគ្រប់គ្រងរបស់ចិន ហើយចិនបានដាក់សម្ពាធអង្គការនេះក្នុងពេលជំងឺកូវីដឆ្លងរាតត្បាតកាលពីឆ្នាំ២០២០ ។ លោកក៏បានរិះគន់ពីវិធានការទប់ស្កាត់ជំងឺកូវីដរបស់ WHO ផងដែរថា បង្ខំឱ្យប្រទេសនានាបិទព្រំដែន ហើយ WHO បង្ខំឱ្យពលរដ្ឋលើពិភពលោក ចាក់វ៉ាក់សាំងដែលទើបផលិត ។ លោកក៏បានស្នើឱ្យអង្គការនេះផ្តល់ប្រាក់ឧបត្ថម្ភទៅឱ្យអង្គការសប្បុរសធម៌ផ្នែកសុខភាពជំនួសវិញ ។

ក្រុមការងាររបស់លោក Trump ឱ្យដឹងថា ពួកគេបានតាំងចិត្តដកអាមេរិកចេញពីអង្គការ WHO នៅថ្ងៃដែលលោក Trump ស្បថឡើងកាន់តំណែង គឺថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដោយសារអាមេរិកបានចំណាយប្រាក់យ៉ាងច្រើនសម្រាប់អង្គការ ខណៈមន្ត្រីរដ្ឋាភិបាលខ្លះទៀតពុំចង់ឱ្យអាមេរិកដកខ្លួនចេញទេ ដើម្បីជំរុញកំណែទម្រង់អង្គការ ។.png)
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ប្រធានាធិបតីអាមេរិក លោក Joe Biden បានបង្កើតទំនាក់ទំនងជាថ្មីជាមួយអង្គការ WHO ក្រោយពីលោក Trump ក្នុងឋានៈជាប្រធានាធិបតីអាណត្តិមុនដកអាមេរិកចេញពីអង្គការនេះ ។ កាលពីឆ្នាំ១៩៤៨ សភាអាមេរិកបានអនុម័តថា អាមេរិកអាចដកខ្លួនចេញពីអង្គការសុខភាពពិភពលោកបាន លុះត្រាតែផ្តល់ដំណឹងជាមុនរយៈពេល១ឆ្នាំ និងត្រូវបង់ប្រាក់យ៉ាងច្រើន ។

អង្គការសុខភាពពិភពលោក គឺជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដែលបំពេញតួនាទីជាអង្គការសម្របសម្រួលបញ្ហាសុខភាពសាធារណៈអន្តរជាតិ ហើយអង្គការនេះទទួលបានប្រាក់ឧបត្ថម្ភពីប្រទេសសមាជិក ។ រីឯអាមេរិកបានផ្តល់ប្រាក់ច្រើនបំផុតស្ថិតក្នុងលំដាប់ទី២ ដល់អង្គការនេះអស់រយៈពេលជាច្រើនឆ្នាំ ៕









