យន្តហោះមិនមែនចេះតែធ្លាក់រហូតនោះទេ ប៉ុន្តែយើងជាអ្នកដំណើរក៏គួរដឹងខ្លះៗពីយន្តហោះផងដែរដើម្បីការពារខ្លួន ក៏ដូចជាមានការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរលើអាកាស។ យោងតាមការស្រាវជ្រាវរបស់ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិក (NTSB) ដោយផ្អែកលើការធ្លាក់យន្តហោះពីឆ្នាំ ១៩៧១ ដល់បច្ចុប្បន្ន អត្រារស់រានមានជីវិតនៃអ្នកដំណើរដែលអង្គុយនៅខាងក្រោយយន្តហោះគឺខ្ពស់ជាងអ្នកដំណើរផ្សេងទៀតរហូតដល់ ៤០%។ ស្រដៀងគ្នានេះដែររបាយការណ៍ពីទស្សនាវដ្តី Popular Mechanics និង Time ដែលវិភាគទិន្នន័យគ្រោះថ្នាក់ក្នុងរយៈពេល ៣៥ ឆ្នាំរហូតដល់ឆ្នាំ ២០១៥ ក៏បានបញ្ជាក់ដែរថា មនុស្សដែលអង្គុយនៅខាងក្រោយយន្តហោះភាគច្រើនគឺមានអត្រារស់រានមានជីវិតខ្ពស់ជាងគេពិតមែន។ 
ជាក់ស្តែងដូចហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរនៅប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃទី២៥ ខែធ្នូថ្មីៗនេះអ៊ីចឹង អ្នកនៅរស់រានមានជីវិតភាគច្រើនគឺអង្គុយខាងក្រោយយន្តហោះ។ កាលពីថ្ងៃទី ២៥ ខែធ្នូ យន្តហោះ Embraer 190 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines ដែលកំពុងធ្វើដំណើរពី Baku ប្រទេស Azerbaijan ទៅកាន់ទីក្រុង Grozny ភាគខាងត្បូងប្រទេសរុស្ស៊ីស្រាប់តែធ្លាក់។ ឧបនាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់លោក Kanat Bozumbaev បាននិយាយថា ចំនួនមនុស្សសរុបដែលស្លាប់ក្នុងការធ្លាក់យន្តហោះ Embraer 190 គឺមានចំនួន ៣៨ នាក់ ក្នុងនោះមានមនុស្ស ២៨ នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។ គួរកត់សម្គាល់ថាភាគច្រើននៃអ្នកដំណើរដែលបានរួចជីវិតគឺសុទ្ធតែអង្គុយនៅខាងក្រោយយន្តហោះ។
ដូច្នេះទីតាំងដែលមានសុវត្ថិភាពខ្ពស់បំផុតនៃយន្តហោះគឺកៅអីផ្នែកខាងក្រោយ។ ការសិក្សាក៏បានបង្ហាញផងដែរថា ទីតាំងដែលមានសុវត្ថិភាពតិចបំផុតគឺកៅអីច្រកផ្លូវ នៅក្នុងតំបន់រវាងស្លាបទាំងពីរ ជាមួយនឹងអត្រាអ្នកស្លាប់រហូតដល់ ៤៤% និងកៅអីផ្នែកខាងមុខយន្តហោះ។ អ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពអាកាសចរណ៍នៅសាកលវិទ្យាល័យ North Dakota លោក Daniel Kwasi Adjekum បាននិយាយថា ផ្នែកខាងមុខរបស់យន្តហោះកាន់តែមានប្រជាប្រិយភាព ព្រោះវានៅឆ្ងាយពីម៉ាស៊ីន និងមានសំឡេងតិច។ ទោះជាយ៉ាងណា ប្រសិនបើយន្តហោះធ្លាក់នេះជាផ្នែកដែលនឹងត្រូវប៉ះពាល់មុនគេ ទន្ទឹមនឹងនេះ ផ្នែកខាងក្រោយនៃយន្តហោះទំនងជានៅដដែលបន្ទាប់ពីការប៉ះទង្គិច៕.png)










