Cristiano Ronaldo គឺជាកីឡាករបាល់ទាត់ឆ្នើមដែលរកចំណូលបានច្រើនជាងគេក្នុងពិភពលោក។ វាមិនចម្លែកទេដែលកីឡាករល្បីល្បាញរូបនេះបានចំណាយលុយរាប់លានដុល្លារដើម្បីទិញរបស់ប្រណីត។ ចាប់ពីវិមានធំស្កឹមស្កៃ រថយន្តទំនើប ទូកកប៉ាល់ឯកជន ឥឡូវនេះខ្សែប្រយុទ្ធព័រទុយហ្គាល់ត្រូវបានគេដឹងថា បានចំណាយលុយប្រមាណ ៧៣ លានដុល្លារអាមេរិកដើម្បីទិញ Gulfstream G650 ដែលជាយន្តហោះឯកជនដ៏ប្រណីតមួយ។ យន្តហោះនេះស្ថិតក្នុងចំណោមយន្តហោះដែលមានល្បឿនលឿនបំផុតក្នុងពិភពលោក ដោយអាចរត់បានចម្ងាយ ១៣,៨៩០ គីឡូម៉ែត្រ។
.png)
ជាមួយកាប៊ីនធំទូលាយប្រកបដោយផាសុកភាព មានការរចនាដាច់ដោយឡែកពីគ្នា និងអាចផ្ទុកអ្នកដំណើរបានរហូតដល់ ១៩ នាក់។ យន្តហោះ Gulfstream G650 ក៏ជានិមិត្តសញ្ញាចុងក្រោយរបស់ Cristiano Ronaldo ផងដែរ។ គួររំលឹកដែរថា កាលពីឆ្នាំ ២០១៥ លោកក៏មានយន្តហោះប្រណីតមួយផងដែរគឺ Gulfstream G200 ប៉ុន្តែក៏សម្រេចចិត្តលក់ ដូច្នេះបច្ចុប្បន្នលោកមានយន្តហោះផ្ទាល់ខ្លួនតែមួយប៉ុណ្ណោះគឺ Gulfstream G650 ដែលទើបតែទិញថ្មីនេះឯង។ .png)
Ronaldo គឺជាកំពូលកីឡាករបាល់ទាត់ពិភពលោក ដែលមានអ្នកតាមដានគណនី Instagram ចំនួន ៦៤៥ លាននាក់ ដោយការបង្ហោះមួយរូប ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះរកចំណូលបានរហូតដល់ ៣.២៣ លានដុល្លារអាមេរិកឯណោះ។ ក្រៅពីរកលុយបានតាមបណ្តាញសង្គម លោកក៏ជាខ្សែប្រយុទ្ធរបស់ក្លិប Al Nassr ដោយរកចំណូលបាន ២៧៥ លានដុល្លារអាមេរិកផងដែរ។ លើសពីនេះ Ronaldo ក៏រកចំណូលបាន ៦០ លានដុល្លារពីកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយម៉ាកល្បីជាច្រើនដូចជា Nike, Herbalife, Armani, Tag Heuer, DAZN ឬ PokerStars ទៀតផង។

ទន្ទឹមនឹងនេះលោកក៏ទទួលបានជោគជ័យជាមួយនឹងម៉ាកផ្ទាល់ខ្លួនរបស់លោក CR7 ផងដែរ។ ហេតុនេះវាមិនចម្លែកទេដែលលោកមានលុយច្រើនទិញរបស់របរប្រណីតៗដូចជា វិមាន រថយន្តទំនើប ទូកកប៉ាល់ឯកជន និងយន្តហោះឯកជន Gulfstream G650។ បច្ចុប្បន្ន Cristiano Ronaldo មានទ្រពសម្បត្តិសរុបប្រមាណ ៨០០ លានដុល្លារអាមេរិក នេះបើយោងតាមគេហទំព័របរទេស Sports Illustrated៕









