មនុស្សរស់នៅក្នុងភូមិមួយនេះ ៩៩% គឺផឹកកូកាជំនួសទឹកតាំងពីកើតមករហូតដល់ធំដឹងក្តី ដែលបណ្តាលឱ្យពួកគេប្រឈមនឹងជំងឺគ្រោះ.ថ្នាក់ជាច្រើន។ យើងដឹងហើយថាកូកាគឺជាភេសជ្ជៈដែលសម្បូរទៅដោយជាតិស្ករបើផឹកច្រើនដងក្នុងមួយថ្ងៃ ច្បាស់ណាស់វានឹងបណ្តាលឱ្យខូចសុខភាព ឬកើតជំងឺទឹកនោមផ្អែមជាដើម។ ទោះបីជាយ៉ាងនេះក្តីមនុស្សក្នុងភូមិមួយនេះនៅតែបន្តផឹកកូកាកូឡាឥតឈប់ឈរ មិនថាញ៉ាំអ្វី ធ្វើអ្វី ឬទៅណាមកណានោះទេ ពួកគេតែងតែផឹកកូកាជំនួសទឹកជានិច្ច ត្រូវបានគេចាត់ទុកថា ជាភូមិដ៏ចម្លែកបំផុតមួយក្នុងលោក។
ភូមិ San Cristóbal de las Casas ដែលស្ថិតនៅភាគខាងត្បូងប្រទេសម៉ិកស៊ិកមានប្រជាជនប្រមាណ ១៨៦,០០០ នាក់សុទ្ធតែផឹកកូកាជាង ២ លីត្រក្នុងមួយថ្ងៃ ឬប្រហែល ៨០០ លីត្រក្នុងមួយឆ្នាំ ដែលនេះខ្ពស់ជាងចំនួនមធ្យមជាតិ ១៥០ លីត្រក្នុងម្នាក់ក្នុងមួយឆ្នាំ ៥ ដងទៅទៀត។ ហេតុដូច្នេះមនុស្សជាច្រើននៅទីនេះសុទ្ធតែប្រឈមនឹងជំងឺធាត់ ជំងឺបេះដូង រួមជាមួយជំងឺទឹកនោមផ្អែមគ្រប់ៗគ្នា ដែលធ្វើឱ្យអត្រានៃការស្លាប់របស់ប្រជាជនភូមិនេះកើនឡើងខ្ពស់ជាងភូមិដទៃ។
មូលហេតុចម្បងនៃបញ្ហានេះគឺដោយសារទស្សនៈរបស់អ្នករស់នៅភូមិ las Casas ជឿថាការផឹកកូកាជួយឱ្យពួកគេមានសុខភាពល្អ និងចម្រុងចម្រើន ដែលទស្សនៈនេះគឺខុសពីហេតុផលវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ ដោយសារជំនឿសាសនាដ៏ងប់ងល់របស់ពួកគេ។ Maria Lopez ដែលជាអ្នកជឿសាសនាចម្លែកនេះបាននិយាយថា “ជំងឺទឹកនោមផ្អែមគឺបណ្តាលមកពីកំហឹង និងបញ្ហាក្នុងគ្រួសារ។ ពេលយើងជេរគ្នាទៅវិញទៅមក ពេលដែលយើងស្រែកដាក់គ្នា វានឹងក្លាយទៅជាជំងឺទឹកនោមផ្អែម”។
សម្រាប់ហេតុផលទីពីរគឺថា ភូមិ San Cristóbal de las Casas ជាភូមិក្រីក្រមិនសូវមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នោះទេ។ ជាមួយនឹងការកើនឡើងចំនួនប្រជាជន ទឹកស្អាតដែលមានសុវត្ថិភាពកាន់តែខ្វះខាតនៅក្នុងទីក្រុង ដែលមានសង្កាត់មួយចំនួនមានទឹកប្រើប្រាស់តែពីរបីដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។ ដូច្នេះអ្នកស្រុកជាច្រើនក៏ផឹកកូកាកូឡាជំនួសទឹកតែម្តង ដែលភេសជ្ជៈទាំងនេះផលិតដោយរោងចក្រក្នុងស្រុកត្រូវបានគ្រប់គ្រងដោយ Femsa ដែលជាក្រុមហ៊ុនអាហារ និងភេសជ្ជៈដែលជាម្ចាស់កម្មសិទ្ធិក្នុងការលក់កូកា-កូឡា នៅទូទាំងអាមេរិកឡាទីន។ 
ភេសជ្ជៈអាចរកបានងាយស្រួលជាងទឹកបរិសុទ្ធ ហើយតម្លៃក៏ថោកជាងផងដែរ។ ដូច្នេះមកដល់បច្ចុប្បន្នប្រជាជនក្នុងភូមិមួយនេះមិនថាកុមារ ឬមនុស្សចាស់នោះទេ នៅតែបន្តផឹកភេសជ្ជៈកូកាកូឡាដដែល ទោះបីជាអ្នកវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រព្យាយាមដាស់តឿន និងនិយាយពីផលប៉ះពាល់ដល់សុខភាពក៏ដោយ ក៏ពួកគេនៅតែបន្តផឹកភេសជ្ជៈជាតិស្ករហូតមកដល់ពេលនេះ៕










