តារាចម្រៀង វីន វិទូ បានប្រកាសចែកផ្លូវគ្នាជាមួយនឹងផលិតកម្ម ក្លាបយ៉ាហ៊ែន បន្ទាប់ពីរួមសុខទុក្ខអស់រយៈពេល៧ឆ្នាំជាមួយនឹងអនុស្សាវរីយ៍រាប់មិនអស់។ លោកថាការចាកចេញនេះគឺជាការសម្រេចចិត្តដ៏លំបាកបំផុត…។ កន្លងមក វីន វិទូ បានសាងស្នាដៃចម្រុះទាំងបទចម្រៀងទោលនិងសហការជាមួយ វុទ្ធា Ruthko និង Vi70 ជាដើម។

នៅថ្ងៃទី២៣ ធ្នូ វីន វិទូ បានបង្ហោះវីដេអូរយៈពេលជាង៧នាទី ដោយបានដាក់ខ្លឹមសារថា «នេះគឺជាដំណើររយៈពេល ៧ឆ្នាំកន្លងមកជាមួយ KlapYaHandz។ តាំងពីធ្វើចម្រៀងដាច់យប់នៅស្ទូឌីយ៉ូរហូតដល់ការសម្តែងដែលមិនអាចបំភ្លេចបាន។ ពេលនេះខ្ញុំនិយាយលា ដោយក្នុងចិត្តរបស់ខ្ញុំពោរពេញទៅដោយការដឹងគុណចំពោះភាពរីកចម្រើន មិត្តភាព និងការចងចាំរាប់មិនអស់ដែលយើងបានធ្វើជាមួយគ្នា។ ខ្ញុំជឿថាការផ្លាស់ប្តូរគឺជាភាពចាំបាច់សម្រាប់ការរីកចម្រើន ហើយខ្ញុំពិតជារំភើបសម្រាប់ជំពូកថ្មីនៅថ្ងៃខាងមុខនេះ»។
តារាចម្រៀងហ៊ីបហបរូបនេះបន្តទៀតថា «ចំពោះអ្នកគាំទ្រដ៏អស្ចារ្យរបស់ខ្ញុំ សូមអរគុណសម្រាប់ការធ្វើជាកម្លាំងជំរុញនៅពីក្រោយតន្ត្រីរបស់ខ្ញុំ។ ការគាំទ្ររបស់អ្នកមានន័យបំផុតសម្រាប់ខ្ញុំ! នៅពេលខ្ញុំចាប់ផ្តើមដំណើរថ្មីនេះ ខ្ញុំនឹងបន្តបង្កើតតន្ត្រីដែលត្រូវនឹងអារម្មណ៍នឹងបទពិសោធន៍ ដែលខ្ញុំឆ្លងកាត់ទៅអ្នកទាំងអស់គ្នា»។
នៅក្នុងវីដេអូនេះ វីន វិទូ បាននិយាយថាការចាប់ផ្តើមដំបូងរបស់លោកគឺផ្តើមពីមនុស្សម្នាក់ដែលមានក្តីស្រមៃនិងបេះដូងស្រលាញ់តន្រ្តីនិងទទួលបានឱកាសពីលោក សុខ វិសាល។ តារាចម្រៀងរូបនេះថាការចាកចេញនេះដោយសារតែចង់សាកល្បងប្រកួតប្រជែងអ្វីដែលថ្មី(challenge) ខណៈនេះគឺជាការសម្រេចចិត្តដ៏ពិបាកបំផុត។ ទោះយ៉ាងណា ដ្បិតតែលោកដើរចេញពីទ្រនំក្លាបយ៉ាហ៊ែន ប៉ុន្តែការលាលើកនេះមិនមែនរហូតដោយលោកសង្ឃឹមថានឹងអាចធ្វើការជាមួយគ្នាម្តងទៀតនៅថ្ងៃអនាគតហើយលោកនឹងចាប់ផ្តើមទំព័រថ្មីនៅឆ្នាំ២០២៥។
គួរបញ្ជាក់ផងដែរថា បទចម្រៀងដែលលេចធ្លោរបស់តារាចម្រៀងរូបនេះមានដូចជា «កន្លង់ស្លាបពេជ្រ» Ft ជាមួយ ស្រីល័ក្ខ , រាល់ថ្ងៃនេះ ជាមួយនឹង Ruthko , ខ្ញុំដឹង ជាមួយ DJ chee កិន្នរ និងបទជាច្រើនទៀត។ លោកក៏មានឱកាសធ្វើជាពិធីករនៅក្នុងកម្មវិធីប្រលងចម្រៀង The Rapper Cambodia រដូវកាលទី១ ផងដែរ៕










