ប្រទេសថៃ ៖ សារព័ត៌មានថៃបានរាយការណ៍កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ថា ថៃបានបិទព្រំដែនជាប់មីយ៉ាន់ម៉ារយៈពេល១ខែ ក្រោយពីជំងឺអាសន្នរោគឆ្លងខ្លាំងនៅទីក្រុង Myawaddy ប្រទេសមីយ៉ាន់ម៉ា ។ រហូតមកដល់ថ្ងៃទី២០ ខែធ្នូ មានពលរដ្ឋមីយ៉ាន់ម៉ាឆ្លងជំងឺនេះរហូតដល់៣០០នាក់ និងស្លា.ប់ ២នាក់ ។
ក្រោយពីជំងឺអាសន្នរោគឆ្លងខ្លាំងនៅមីយ៉ាន់ម៉ា ទាហានការពារព្រំដែនថៃស្នើឱ្យពលរដ្ឋទាំង២ប្រទេសផ្អាកឆ្លងដែនរយៈពេល១ខែ ឬរហូតដល់ស្ថានការណ៍ធូរស្រាលវិញ ។ រីឯមន្ត្រីរាជការ និងអ្នកដឹកជញ្ជូនទំនិញឆ្លងព្រំដែនត្រូវពាក់ម៉ាស់, ស្រោមដៃ, លាងដៃក្រោយប៉ះពាល់សម្ភារៈ ព្រមទាំងរក្សាអនាម័យក្នុងការបរិភោគអាហារ ឬទឹក ។
កាលពីថ្ងៃទី២១ ខែធ្នូ កន្លងមក នៅបរិវេណព្រំដែនស្រុកមេស៊ត និងស្រុកមេរ៉ាណាត ខេត្តតាក មានសភាពស្ងប់ស្ងាត់ ក្រោយពីទាហានការពារព្រំដែនស្រុកមេស៊ត រឹតបន្តឹងតាមព្រំដែនដើម្បីការពារការលួចឆ្លងដែនខុសច្បាប់ ។ ការបិទព្រំដែនក្រោយទទួលសេចក្តីរាយកាណ៍ថា ជំងឺអាសន្នរោគឆ្លងខ្លាំងនៅទីក្រុង Myawaddy នៅទល់មុខភូមិវាំងផា ឃុំមេចាក់រៅ ស្រុកមេរ៉ាណាត ខេត្តតាក ។

មីយ៉ាន់ម៉ាបានបញ្ជូនពលរដ្ឋឆ្លងជំងឺអាសន្នរោគជាង៣០០នាក់ ទៅព្យាបាលនៅមន្ទីរពេទ្យទីក្រុង Myawaddy ក្នុងនោះមានអ្នកជំងឺធ្ងន់៥៦នាក់ និងស្លាប់២នាក់ ។ ប៉ុន្តែចំនួនអ្នកឆ្លងបានកើនឡើងជាបន្តបន្ទាប់ ទើបគ្រូពេទ្យនៅទីក្រុង Myawaddy ស្នើបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យមេរ៉ាណាត ប្រទេសថៃ ឬឱ្យថៃជួយផ្តល់ថ្នាំ និងគ្រឿងបរិក្ខារពេទ្យព្យាបាលអ្នកជំងឺ និងការពារការឆ្លងក្នុងតំបន់ ។
មន្ទីរពេទ្យមេរ៉ាណាត ក៏បានផ្តល់ថ្នាំ និងគ្រឿងបរិក្ខារពេទ្យមួយចំនួនសម្រាប់ជួយសង្គ្រោះអ្នកជំងឺ ។ ក្រៅពីនេះ ភ្នាក់ងារគ្រប់ជំងឺនៅស្រុកមេរ៉ាណាត និងគ្រូពេទ្យខេត្តតាក បានចុះត្រួតពិនិត្យក្នុងតំបន់ដើម្បីទប់ស្កាត់ជំងឺអាសន្នរោគឆ្លងនៅថៃ ។
.jpg)
មន្ត្រីក្រសួងសុខាភិបាលស្រុក លោក សុផាឆូក វេឆាផាន់ផេសាត់ និយាយថា ជំងឺអាសន្នរោគនឹងឆ្លងខ្លាំងនៅមីយ៉ាន់ម៉ា បើគ្មានវិធានការទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព ។ ហេតុនេះ សូមមន្ត្រីធ្វើការនៅព្រំដែន និងពលរដ្ឋអនុវត្តតាមវិធានការអនាម័យ បើមានអាការៈខុសធម្មតា ដូចជា រាគរូស សូមប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីព្យាបាលទាន់ពេលវេលា ។

អាសន្នរោគឆ្លងតាមអាហារ ជាពិសេស ទឹកមិនស្អាត ដែលបណ្តាលឱ្យរាគរូសខ្លាំងជាច្រើនដង និងក្អួតខ្លាំង ។ អ្នកជំងឺនឹងខ្វះជាតិទឹកពីក្នុងខ្លួនអាចស្លាប់បាន បើព្យាបាលមិនទាន់ពេល ។ ដូច្នេះ ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងមានអនាម័យ គឺអាចការពារខ្លួនពីជំងឺនេះ ៕










