ថ្មីៗនេះអង្គការសុខភាពពិភពលោក បានរកឃើញថា ជារៀងរាល់ឆ្នាំនៅលើសកលលោក មាន៦៨៥លានករណី បង្កដោយវីរុសណូរ៉ូ ស្លាប់ប្រមាណ ២០០,០០០នាក់ ក្នុងនោះដែរ ២០០លានករណី កើតលើកុមារអាយុក្រោម៥ឆ្នាំ និងមានកុមារចំនួន ៥០,០០០នាក់បានស្លាប់។
ការផ្ទុះរាតត្បាត នៃជំងឺបង្កដោយវីរុសណូរ៉ូ ភាគច្រើនកើតមាននៅប្រទេសមានរដូវត្រជាក់ កន្លែងមានការប្រមូលផ្តុំ អាកាសធាតុត្រជាក់មេរោគរស់យូរ រដូវត្រជាក់ធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ។
បុគ្គលគ្រប់វ័យអាចឆ្លង និងឈឺដោយវីរុសណូរ៉ូ រោគសញ្ញា ជាទូទៅ កើតមានចន្លោះពី ១២ទៅ៤៨ម៉ោង បន្ទាប់ពីប៉ះពាល់ ឬប្រឈមនឹងវីរុសណូរ៉ូ។
រោគសញ្ញាភាគច្រើនមាន ៖ រាក ក្អួត ចង្អោរ ចុកពោះ និងអាចមាន ក្ដៅខ្លួន ឈឺក្បាល និងឈឺខ្លួន។ ភាគច្រើនជាសះស្បើយឡើងវិញ ក្នុងរយៈពេល១ទៅ៣ថ្ងៃ ប៉ុន្តែអាចចម្លងមេរោគទៅអ្នកដទៃបាន ក្នុងអំឡុង២សប្តាហ៍ ឬលើសបន្ទាប់ពីជាសះស្បើយ។
អ្នកអាចកើតជំងឺបង្កដោយវីរុសណូរ៉ូ ច្រើនដង ក្នុងជីវិតរបស់អ្នក ពីព្រោះ វីរុសណូរ៉ូ មានច្រើនប្រភេទ។ ការឆ្លង វីរុសណូរ៉ូ មួយប្រភេទ មិនអាចការពារអ្នកពីប្រភេទផ្សេងទៀតឡើយ ។កុមារអាយុក្រោម ៥ឆ្នាំ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ទំនងជាងាយរងគ្រោះធ្ងន់ធ្ងរពេលឆ្លងវីរុស ។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងសុខាភិបាល បាននាំឱ្យទទួលទានទឹកឱ្យបានច្រើន និងត្រូវប្រកាន់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ ជាពិសេសចម្អិនម្ហូបអាហារសមុទ្រឱ្យបានឆ្អិនល្អ ក្នុងនោះសំខាន់បំផុតអយស្ទ័រឆៅ អាចមានផ្ទុកវីរុសនេះខ្ពស់៕












