ប្រទេសឥណ្ឌូណេស៊ី ៖ ច្បាប់ប្រើប្រាស់គ្រឿងបន្លាស់ និងវត្ថុធាតុដើមរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលកំណត់ឱ្យក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនត្រូវតែយកគ្រឿងបន្លាស់ផលិតក្នុងប្រទេសនេះស្មើជាង៤០% នឹងធ្វើឱ្យប៉ះពាល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនបរទេស និងសេដ្ឋកិច្ចឥណ្ឌូណេស៊ី ។ នេះបើតាមការលើកឡើងរបស់សេដ្ឋវិទូ កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤ ។
.png)
កាលពីថ្ងៃទី៣ ខែធ្នូ កន្លងមក អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ីបាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា រដ្ឋាភិបាលមានគម្រោងឱ្យក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនបង្កើនការប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុក ។ គម្រោងនេះក្រោយពីរដ្ឋាភិបាលបដិសេធសំណើបន្ថែមប្រាក់វិនិយោគចំនួន១០០លានដុល្លារអាមេរិករបស់ Apple ជាក្រុមហ៊ុនអាមេរិកនាំមុខផ្នែកបច្ចេកវិទ្យា ដើម្បីលក់ទូរស័ព្ទ iPhone 16 ។
ច្បាប់ប្រើប្រាស់គ្រឿងបន្លាស់ និងវត្ថុធាតុដើមនៅឥណ្ឌូណេស៊ី គឺគិតចាប់ពីបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ រហូតដល់រថយន្តអគ្គិសនី ដែលច្បាប់នេះមានគោលដៅការពារឧស្សាហកម្មក្នុងស្រុក, បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់បន្ថែមនៅឥណ្ឌូណេស៊ី និងការប្រើគ្រឿងបន្លាស់ក្នុងស្រុក ស្របពេលឥណ្ឌូណេស៊ីកំពុងប្រកួតប្រជែងជាមួយវៀតណាម ក្នុងការទាក់ទាញវិនិយោគិនដែលប្តូរទីតាំងផលិតចេញពីចិន ។
សេដ្ឋវិទូនានានិយាយថា ច្បាប់នេះពុំអាចទាក់ទាញការវិនិយោគទេ ប៉ុន្តែនឹងធ្វើឱ្យក្រុមហ៊ុន Foxconn និង Tesla ដកការវិនិយោគចេញពីឥណ្ឌូណេស៊ី ។ ការចំណាយរបស់ក្រុមហ៊ុននឹងកើនឡើង, សមត្ថភាពប្រកួតប្រជែងការនាំចេញធ្លាក់ចុះ ហើយនឹងប៉ះពាល់សេដ្ឋកិច្ចឥណ្ឌូណេស៊ី ។ រីឯវៀតណាមបានទាក់ទាញការវិនិយោគផ្នែកបច្ចេកវិទ្យាខ្លាំងជាងឥណ្ឌូណេស៊ី បើទោះជាទីផ្សារក្នុងស្រុកវៀតណាមតូចជាងឥណ្ឌូណេស៊ីក្តី ។ បើឥណ្ឌូណេស៊ីតម្រូវឱ្យក្រុមហ៊ុននានាប្រើប្រាស់គ្រឿងបន្លាស់ និងវត្ថុធាតុដើមក្នុងស្រុក នឹងធ្វើឱ្យវិនិយោគិនផ្លាស់ប្តូរទីតាំងផលិតទៅវៀតណាម ។
លើសពីនេះ វៀតណាមបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប ខណៈឥណ្ឌូណេស៊ីកំពុងព្យាយាមបង្កើតកិច្ចព្រមព្រៀងនេះ ។ វៀតណាមបានទទួលផលប្រយោជន៍ព្រោះក្រុមហ៊ុននានាផ្លាស់ប្តូរទីតាំងផលិតចេញពីចិន ដោយសារចិនមានភាពតានតឹងពាណិជ្ជកម្មជាមួយអាមេរិក ៕










