ប្រទេសសិង្ហបុរី ៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានសិង្ហបុរី The Strait Times រាយការណ៍ថា ប្រទេសសិង្ហបុរីបានស្នើឱ្យធនាគារ និងក្រុមហ៊ុនទូរស័ព្ទរួមគ្នាទទួលខុសត្រូវ បើអតិថិជនណាម្នាក់ត្រូវគេបោកប្រាស់តាមអ៊ីនធើរណេត ដូចជា ៖ ការផ្ទេរប្រាក់ចេញពីធនាគារ ។
ប្រទេសជាច្រើនកំពុងមានបញ្ហាការបោកប្រាស់តាមអ៊ីនធើរណេត ហើយអាជ្ញាធរពិបាកទាមទារប្រាក់ពីជនឆបោកមកវិញ ពីព្រោះពេលជនរងគ្រោះផ្ទេរប្រាក់ចេញពីធនាគាររបស់ខ្លួន គឺជនឆបោកបានផ្ទេរប្រាក់នេះទៅឱ្យបក្ខពួកជាច្រើនទៀត ។ ហេតុនេះ ជនរងគ្រោះចង់ឱ្យរដ្ឋាភិបាលចាត់វិធានការការពារការបោកប្រាស់តាមអ៊ីនធើរណេត ។.png)
ចាប់ពីថ្ងៃទី១៦ ខែធ្នូ កន្លងមក ប្រទេសសិង្ហបុរីបានកំណត់គោលការណ៍ដើម្បីការពារពលរដ្ឋកុំឱ្យចាញ់បោកតាមអ៊ីនធើរណេត គឺកំណត់ឱ្យធនាគារ និងក្រុមហ៊ុនទូរស័ព្ទរួមគ្នាទទួលខុសត្រូវ ។ ស្ថាប័នហិរញ្ញវត្ថុសិង្ហបុរីបានកំណត់គោលការណ៍ថ្មីសម្រាប់ការទទួលខុសត្រូវរួមគ្នា គឺធនាគារត្រូវជូនដំណឹងទៅអតិថិជនភ្លាមៗ ករណីមានការផ្លាស់ប្តូរទិន្នន័យផ្ទាល់ខ្លួន និងការ Sign In ក្នុងឧបករណ៍អេឡិចត្រូនិក ។
.png)
បើធនាគារសង្កេតឃើញថា អតិថិជនបានផ្ទេរប្រាក់ពាក់កណ្តាល ឬផ្ទេរប្រាក់ទាំងអស់ចេញពីធនាគារក្នុងរយៈពេលខ្លី គឺធនាគារត្រូវតែទំនាក់ទំនងទៅអតិថិជន ឬផ្ញើសារដាស់តឿន បន្ទាប់មក ធនាគារត្រូវបញ្ឈប់ប្រតិបត្តិការសាច់ប្រាក់រយៈពេល២៤ម៉ោង ។ ក្រៅពីនេះ ក្រុមហ៊ុនទូរស័ព្ទត្រូវផ្តល់ប្រាក់សំណងទៅឱ្យជនរងគ្រោះ ដែលបានចាញ់បោកជនខិលខូច ។
គោលការណ៍នេះមានគោលបំណងជួយសម្រួលដល់ជនរងគ្រោះដែលចង់ទាមទារប្រាក់ពីជនខិលខូចមកវិញ ពីព្រោះបច្ចុប្បន្ន អតិថិជនត្រូវទទួលខុសត្រូវដោយខ្លួនឯង និងបង្ហាញឯកសារភស្តុតាង ។ រយៈពេល៦ខែដំបូងក្នុងឆ្នាំ២០២៤ ពលរដ្ឋសិង្ហបុរីជាច្រើននាក់បានចាញ់បោកតាមអ៊ីនធើរណេត ដូចជា ៖ ការស្វែងរកការងារធ្វើ ។
ក្រោយពីសិង្ហបុរីស្នើឱ្យធនាគារ និងក្រុមហ៊ុនទូរស័ព្ទរួមគ្នាទទួលខុសត្រូវ បើអតិថិជនចាញ់បោកតាមអ៊ីនធើរណេត ពលរដ្ឋប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏បានទាមទារឱ្យរដ្ឋាភិបាលកំណត់គោលការណ៍បែបនេះដែរ ៕










