ប្រទេសថៃ ៖ យោងតាមការព្យាករអាកាសធាតុរយៈពេល៧ថ្ងៃរបស់ភ្នាក់ងារឧតុនិយមថៃបង្ហាញថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំង និងសីតុណ្ហភាពធ្លាក់ចុះរហូតដល់៧អង្សារសេដោយសារអាកាសធាតុផ្លាស់ប្តូរ ហើយសូមឱ្យពលរដ្ឋថែទាំសុខភាព និងប្រយ័ត្នទឹកជំនន់ហូរពីតំបន់ព្រៃភ្នំ ។
ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ គឺមានខ្យល់ត្រជាក់បក់ពីប្រទេសចិនមកគ្របដណ្តប់លើភាគខាងជើង និងខាងត្បូងប្រទេសថៃ ព្រមទាំងសមុទ្រចិនខាងត្បូង ហើយមានខ្យល់មូសុងឦសានបោកបក់នៅភាគខាងជើងថៃ ។ ដូច្នេះ វានឹងធ្វើឱ្យភ្លៀងធ្លាក់ខ្លាំងនៅតំបន់នេះ និងសីតុណ្ហភាពធ្លាក់ចុះ ក្នុងនោះភាគឦសាន សីតុណ្ហភាពធ្លាក់ចុះពី៥ ទៅ៧អង្សារសេ រីឯភាគខាងជើង, កណ្តាល, ទីក្រុងបាងកក និងតំបន់ជុំវិញ សីតុណ្ហភាពធ្លាក់ចុះពី៣ ទៅ៦អង្សារសេ ។

ខ្យល់មូសុងឦសាននឹងគ្របដណ្តប់លើឈូងសមុទ្រថៃ និងភាគខាងត្បូង ព្រមទាំងមានសម្ពាធទាបនៅសមុទ្រចិនខាងត្បូងឆ្លងកាត់ឈូងសមុទ្រថៃ និងប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ។ ដូច្នេះ ធ្វើឱ្យភ្លៀងធ្លាក់ខ្លាំងនៅខេត្តភាគខាងត្បូងរបស់ថៃ និងមានខ្យល់បក់ខ្លាំងនៅឈូងសមុទ្រថៃ និងសមុទ្រអាដាម៉ាន់ ។ ឈូងសមុទ្រថៃនឹងមានទឹករលកកម្ពស់ពី២ ទៅ៣ម៉ែត្រ ហើយតំបន់មានផ្គររន្ទះ ទឹករលកនឹងមានកម្ពស់ជាង៣ម៉ែត្រ ។
ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ខ្យល់ត្រជាក់ដែលគ្របដណ្តប់ភាគខាងជើង និងខាងត្បូងថៃ ព្រមទាំងសមុទ្រចិនខាងត្បូង នឹងខ្សោយកម្លាំង ហើយធ្វើឱ្យភាគខាងជើងថៃមានសីតុណ្ហភាពកើនឡើងពី១ ទៅ២អង្សារសេ ។ ដូច្នេះ តំបន់ទាំងនេះនឹងមានអាកាសធាតុត្រជាក់ និងចុះអ័ព្ទពេលព្រឹក ។ រីឯខ្យល់មូសុងឦសានដែលគ្របដណ្តប់លើឈូងសមុទ្រថៃ និងភាគខាងត្បូង គឺមានកម្លាំងមធ្យមទៅខ្លាំង ហើយទឹករលកនៅឈូងសមុទ្រថៃនឹងមានកម្ពស់២ម៉ែត្រ រីឯតំបន់មានផ្គររន្ទះ ទឹករលកមានកម្ពស់ជាង២ម៉ែត្រ ។
ភ្នាក់ងារឧតុនិយមបានប្រកាសឱ្យពលរដ្ឋនៅខេត្តភាគខាងត្បូងប្រុងប្រយ័ត្ន និងថែទាំសុខភាព ដោយសារមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ។ អាកាសធាតុមិនល្អអាចបណ្តាលមានទឹកជំនន់ភ្លាមៗ និងទឹកហូរពីតំបន់ព្រៃភ្នំ ជាពិសេស បរិវេណជាយភ្នំនៅជិតផ្លូវទឹ និងតំបន់ទំនាប ។ ពលរដ្ឋរស់នៅឆ្នេរសមុទ្រខាងត្បូង និងខាងកើត គួរប្រយ័ត្នទឹករលកខ្លាំងបោកបក់មកលើឆ្នេរ រីឯអ្នកនេសាទនៅឈូងសមុទ្រថៃ និងសមុទ្រអាដាម៉ាន់ គួរនេសាទដោយការប្រយ័ត្ន និងចៀសវាងការនេសាទនៅបរិវេណផ្គររន្ទះ ។ ដូចគ្នានេះ ទូកនេសាទតូចៗនៅឈូងសមុទ្រថៃ ពុំគួរចាកចេញពីឆ្នេរទេ ។
ហេតុនេះ សូមពលរដ្ឋរស់នៅខេត្តភាគខាងជើងប្រទេសថៃ ថែទាំសុខភាពដោយសារអាកាសធាតុមិនល្អ ក៏ដូចជាប្រយ័ត្នគ្រោះថ្នាក់ភ្លើងឆេះបណ្តាលពីខ្យល់បក់ខ្លាំង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ ។ ក្រៅពីនេះ ពលរដ្ឋនៅខេត្តភាគខាងជើងត្រុងប្រយ័ត្នការធ្វើដំណើរតាមតំបន់ចុះអ័ព្ទខ្លាំង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ៕










