ថ្មីៗនេះ មានការលើកឡើងជាច្រើនលើបណ្តាញសង្គមដែលថា មានការដាក់បញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការរដ្ឋ ដែលបានបណ្តាលឲ្យមហាជនភាគច្រើនហាក់សម្តែងនូវការមិនពេញចិត្តជាខ្លាំង។
ទោះជាយ៉ាងណា កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤ សេចក្តីប្រកាសព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា បានចេញមុខមកបដិសេធជុំវិញរឿងរសើបខាងលើនេះ ក៏ដូចជាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ក្រសួងអប់រំ មិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូល ភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ។
ក្រសួងអប់រំ យុវជន និងកីឡាសូមប្រកាស បដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតបំពុលបរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ព្រមទាំងស្នើសុំឱ្យប្រភពព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ ធ្វើការកែតម្រូវជាបន្ទាន់។
គួររម្លឹកថា នេះទំនងជាការយល់ច្រឡំក្នុងចំណោមពលរដ្ឋ ព្រោះកាលពីអំឡុងដំណើរយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីចុងខែវិច្ឆិកាកន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ បានស្នើសុំដល់ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ជួយពន្លឿនការបង្កើតសាលា “ភាសាវៀតណាម” នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (មិនមានមានន័យថាបង្កើតសាលាវៀតណាម ទូទាំងប្រទេសនោះទេ)។
ក្រសួងអប់រំ ធ្លាប់បានលើកឡើងម្តងរួចមកហើយថា៖”ការបង្កើតដេប៉ាតឺម៉ងភាសាវៀតណាម ក្នុងសកលវិទ្យាល័យនេះ គឺមិនទាស់ខុសអីនោះទេ ព្រោះវាដូចគ្នានឹងការបង្កើតដេប៉ាតឺម៉ងភាសាបរទេសផ្សេងទៀត ដែលរួមាន ដេប៉ាតឺម៉ងភាសាអង់គ្លេស បារាំង ជប៉ុន កូរ៉េ និងចិនជាដើម៕










