ជាធម្មតាទឹកជ្រោះតែងតែហូរចុះក្រោមពីច្រាំងថ្មចោត ប៉ុន្តែទឹកជ្រោះមួយកន្លែងនៅប្រទេសអៀរឡង់វិញ ស្រាប់តែហូរឡើងទៅលើ ធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលខ្លាំងសឹងមិនជឿនឹងភ្នែក។
ថ្មីៗនេះទឹកជ្រោះ Moher កម្ពស់ ២១៤ ម៉ែត្រដ៏មហិមា ដែលមានទីតាំងនៅលើច្រាំងថ្មចោទនៃឆ្នេរសមុទ្រភាគខាងលិច ប្រទេសអៀរឡង់ ស្រាប់តែហូរបញ្ច្រាសឡើងទៅលើ បង្ហាញនូវទិដ្ឋភាពដ៏ចម្លែកសឹងមិនគួរឱ្យជឿ។
.png)
ទឹកនេះហាក់ដូចជាប្រឆាំងនឹងច្បាប់ទាំងអស់នៃរូបវិទ្យា ដោយសារវាលែងហូរទៅក្នុងសមុទ្រទៀតហើយ ផ្ទុយទៅវិញបែរជាហក់ឡើងទៅលើ ដូចជាផ្សែងហុយចេញពីទីជ្រៅបំផុតនៃផែនដីអ៊ីចឹង។ យោងតាមគេហទំព័រ HuffPost បាតុភូតដ៏អស្ចារ្យនេះគឺដោយសារតែព្យុះ Darragh ជាមួយនឹងខ្យល់បក់ដ៏គួរឱ្យភ័យខ្លាចដែលបានលើកទឹកនេះឡើងទៅលើ បង្កើតជាឈុតឆាក “ទឹកជ្រោះ backflow” ដ៏កម្រមួយ។
ទោះជាយ៉ាងណាក៏ដោយ បាតុភូតដ៏អស្ចារ្យនេះមានរយៈពេលតែមួយភ្លែតប៉ុណ្ណោះដែលតម្រូវឱ្យមានការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃខ្យល់បក់ខ្លាំងនិងលក្ខខណ្ឌធម្មជាតិពិសេសជាច្រើនទៀត។ ដូច្នេះហើយ មិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងគ្រប់គ្រាន់ក្នុងការធ្វើជាសាក្សី និងកត់ត្រាពេលវេលាវេទមន្តនេះទេ។ ព្យុះ Darragh ដែលគេស្គាល់ថាជាព្យុះកំណាចមួយ បានបង្កើតបាតុភូតទឹកជ្រោះនេះមក ក៏បានបណ្តាលឱ្យមានទឹកជំនន់ និងដាច់ចរន្តអគ្គិសនីនៅក្នុងចក្រភពអង់គ្លេស និងអៀរឡង់ផងដែរ ដែលរំខានដល់អាយុជីវិតមនុស្សរាប់ម៉ឺននាក់។
ទឹកជ្រោះ Moher គឺជាទឹកជ្រោះដែលមានទេសភាពស្អាតបំផុតប្រចាំទ្វីបអឺរ៉ុប ដែលបានស្វាគមន៍ភ្ញៀវទេសចរឱ្យមកទស្សនារាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ នៅពីលើច្រាំងថ្មចោទ និងពីលើប៉ម អ្នកទស្សនាក៏អាចឃើញកោះផ្សេងទៀតនៅក្បែនោះដូចជាកោះ Aran នៅ Galway Bay ជួរភ្នំ Maumturks និង Twelve Pins នៅភាគខាងជើងក្នុង County Galway និង Loop Head ទៅភាគខាងត្បូងផងដែរ។ ដូច្នេះទឹកជ្រោះ Moher គឺស្ថិតនៅក្នុងចំណោមតំបន់ទេសចរណ៍ដែលមានអ្នកទស្សនាច្រើនបំផុតនៅក្នុងប្រទេសអៀរឡង់ ដោយមានអ្នកចូលទស្សនាប្រហែល ១.៥ លានដងក្នុងមួយឆ្នាំ៕










