គំនូរ គឺជាសិល្បៈមួយប្រភេទដែលបង្ហាញពីវប្បធម៌របស់ជាតិសាសន៍នីមួយៗ គំនូរដែលមានតម្លៃខ្ពស់ភាគច្រើនគឺបង្កប់អត្ថន័យជ្រៅ មានអាយុកាលយូរឆ្នាំ មានការរចនាស្អាត ប៉ុន្តែរូបខ្លះក៏មិនស្អាតផងដែរ ខណៈគំនូរខ្លះមនុស្សធម្មតាមើលមិនយល់នោះទេ។ ដូច្នេះខាងក្រោមនេះគឺជាគំនូរទាំង ៥ ដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក៖
១. L’empire des lumières៖ គឺជាគំនូរដែលគូតាំងពីឆ្នាំ ១៩៥៤ ដោយវិចិត្រករ René Magritte។ ផ្ទាំងគំនូរនេះបង្ហាញពីពេលវេលាផ្ទុយគ្នាពីរ ខាងក្រោមគឺជាពេលយប់ ហើយនៅពីលើផ្ទះគឺជាមេឃពណ៌ខៀវស្រឡះ មានតម្លៃរហូតដល់ ១២១ លានដុល្លារអាមេរិកនៅឯការដេញថ្លៃរបស់ Christie កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ មូលហេតុដែលរូបគំនូរនេះថ្លៃកប់ពពកគឺដោយសារ វាជាស្នាដៃកម្មសិទ្ធិរបស់វិចិត្រករ ២៧ នាក់ដែលមានឈ្មោះដូចគ្នាៗ។
២. Ten-Cent Western Being Torn in Half៖ គឺជាគំនូរគូតាំងពីឆ្នាំ ១៩៦៤ ដោយវិចិត្រករ Ed Ruscha ជាប់ចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោក ជាមួយតម្លៃ ៦៨.២ លានដុល្លារអាមេរិក។ រូបនេះបង្ហាញពីស្ថានីយ៍ប្រេងឥន្ធនៈ Standard Oil ដ៏ធំល្វឹងល្វើយគួរឱ្យចាប់អារម្មណ៍ នៅពេលវិចិត្រករ Ed Ruscha បានទៅដល់ភាគខាងលិចអាមេរិក។ បន្ទាប់ពីនោះ វិចិត្រកររូបនេះក៏បានគូគំនូរចំនួន ៦ នៃស្ថានីយ៍ប្រេងឥន្ធនៈ ប៉ុន្តែក្នុងចំណោម ៦ នោះគំនូរ Ten-Cent Western Being Torn in Half គឺជាគំនូរថ្លៃបំផុតរបស់លោក។
៣.Nymphéas៖ គំនូរផ្កាលីលីដែលធ្វើដោយវិចិត្រករដ៏ល្បីល្បាញ Claude Monet កំឡុងឆ្នាំ ១៨៩៧-១៨៩៩ មានតម្លៃរហូតដល់ ៦៥.៥ លានដុល្លារអាមេរិក។ គំនូរនេះ វិចិត្រករផ្តោតលើការពណ៌នាការឆ្លុះបញ្ចាំងលើទឹក ដែលបង្ហាញពីអន្តរកម្មរវាងពន្លឺ និងពណ៌ មិនដូចផ្ទាំងគំនូរផ្សេងទៀតទេដែលពណ៌នាផ្កាលីលី និងទឹកនៅលើផ្ទៃបឹង។ មូលហេតុដែលវិចិត្រករ Claude Monet គូររូបនេះគឺដោយសារ លោកបានបង្កើតសួនតូចមួយដែលមានស្រះទឹកពោរពេញដោយផ្កាលីលី និងស្ពានកោងនៅក្រោយផ្ទះ។ លំហនេះបានក្លាយជាប្រភពនៃការបំផុសគំនិតដ៏សំខាន់សម្រាប់លោកក្នុងអំឡុងពេល ៣០ ឆ្នាំចុងក្រោយនៃជីវិតរបស់លោក ដោយបានជួយឱ្យវិចិត្រកររូបនេះ បង្កើតគំនូរចំនួន ២០០ នៃបឹងផ្កាលីលី ដែលភាគច្រើនទទួលបានតម្លៃខ្ពស់។
៤. Untitled (ELMAR)៖ គឺជាគំនូរទី ៤ ដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក ប្រចាំឆ្នាំ ២០២៤ ដោយមានតម្លៃ ៤៦.៤៨ លានដុល្លារអាមេរិក។ គំនូរនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨២ ជាស្នាដៃរបស់លោក Jean -Michel Basquiat ដោយពណ៌នាអំពីតួអង្គ Icarus ចុះពីលើមេឃ ខណៈដែលអ្នកបាញ់ព្រួញបានបាញ់ព្រួញពីរមកលើគាត់។
៥. L’ami intime៖ គឺជាគំនូរថ្លៃបំផុតទី ៥ ក្នុងលោក គូដោយវិចិត្រករ René Magritte ដែលមានតម្លៃ ៤២.១២ លានដុល្លារអាមេរិក បង្ហាញពីបុរសម្នាក់ពាក់មួក Bowler ដែលជារូបរបស់វិចិត្រករនេះតែម្តង ដោយលោក René Magritte គឺជាវិចិត្រករល្បីល្បាញម្នាក់របស់បែលហ្ស៊ិកក្នុងអំឡុងឆ្នាំ ១៨០០ ជាង៕