ប្រទេសជប៉ុន ៖ បច្ចុប្បន្ន ពលរដ្ឋជប៉ុននៅតំបន់ជនបទបានបោះបង់ផ្ទះចោល រហូតដល់ជាង៨លានខ្នង ហើយផ្ទះទាំងនេះភាគច្រើនមានសភាពចាស់ ដែលភាសាជប៉ុនហៅថា «Akiya» ។ វាជាក្តីសុបិនរបស់មនុស្សជាច្រើនដែលចង់ទិញផ្ទះជប៉ុនក្នុងតម្លៃសមរម្យ ប៉ុន្តែវាមានបញ្ហាជាច្រើនសម្រាប់អ្នកទិញ ។ 
អ្នកស្រី អេលឈិលី សឹរុអូកាក់ អ្នកជំនាញបានសរសេរអត្ថបទមួយក្នុង gaijinpot blog ដើម្បីដាស់តឿនជនបរទេស មុននឹងសម្រេចចិត្តទិញផ្ទះជប៉ុនតម្លៃថោក ដូចខាងក្រោម ៖
*ផ្ទះបោះបង់ចោល មិនមែនមានតែនៅជនបទ ៖ មនុស្សភាគច្រើនគិតថា ផ្ទះបោះបង់ចោល (ឬ Akiya) នឹងស្ថិតនៅតំបន់ជនបទស្ងប់ស្ងាត់ និងមានទេសភាពវាលស្រែ ឬព្រៃភ្នំ ។ ប៉ុន្តែផ្ទះប្រភេទនេះមិនមែនសម្បូរតែនៅជនបទទេ គឺនៅទីក្រុង ឬជាយក្រុង ក៏មានផ្ទះនេះដែរ ដូចជា ៖ ទីក្រុងតូក្យូ, អូសាកា និងទីក្រុងធំៗ ។ ចំនួនផ្ទះ Akiya បានកើនឡើងជាបន្តបន្ទាប់ និងក្លាយជាជម្រើសមួយសម្រាប់អ្នកចង់ទិញផ្ទះតម្លៃសមរម្យក្នុងទីក្រុង ។.png)
*ការជួសជុលផ្ទះមានតម្លៃថ្លៃហួសពីការគិត ៖ ផ្ទះត្រូវគេបោះបង់ចោលភាគច្រើននៅជប៉ុនមានសភាពចាស់ទ្រុឌទ្រោម ឬមានអាយុរាប់រយឆ្នាំ ហើយការជួសជុលផ្ទះ Akiya គឺអាស្រ័យលើអាយុ និងសភាពផ្ទះ ។ ការជួសជុលផ្ទះនឹងមានតម្លៃខ្ពស់ ដូចជា ៖ ធ្វើបន្ទប់ទឹកថ្មី ឬការកែលម្អបរិវេណផ្ទះ ។.png)
*Akiya មិនមែនជាផ្ទះទទេ ឬគ្មានសម្ភារៈ ៖ ផ្ទះ Akiya ពុំទទួលបានការថែទាំ ឬបោសសម្អាតឡើយ ហើយអ្នកទិញត្រូវជួលភ្នាក់ងារសម្អាតក្នុងតម្លៃខ្ពស់ ជាពិសេស ការជួលភ្នាក់ងារកម្ទេចសម្ភារៈធំៗក្នុងផ្ទះ, ដឹកសំរាម និងបោសសម្អាតផ្ទះ ។ ហេតុនេះ លោកអ្នកនឹងចំណាយប្រាក់យ៉ាងច្រើនលើថ្លៃសម្អាតផ្ទះចាស់ ។
*ការបង់ពន្ធ និងសេវាផ្សេងៗចំណាយប្រាក់ច្រើន ៖ បើទោះជាផ្ទះចាស់នៅជប៉ុនមានតម្លៃថោក ប៉ុន្តែបើរួមបញ្ចូលទាំងការបង់ពន្ធផ្សេងៗឃើញថា ត្រូវចំណាយប្រាក់ច្រើនណាស់ ដូចជា ៖ ថ្លៃឈ្មួញកណ្តាល, ថ្លៃផ្ទេរកម្មសិទ្ធិ និងបង់ពន្ធដី ។.png)
បញ្ហាទាំងអស់នេះតែងតែធ្វើឱ្យជនបរទេសឈឺក្បាលពេលចង់ក្លាយជាម្ចាស់ផ្ទះចាស់នៅជប៉ុន ហើយនេះពុំបានគិតពីគ្រោះធម្មជាតិរញ្ជួយដីជាញឹកញាប់ទេ ។ ផ្ទះខ្លះលក់តម្លៃថោក គឺពុំទាន់គិតទាំងតម្លៃដី ខណៈផ្ទះខ្លះទៀតពិបាកធ្វើដំណើរតាមមធ្យោបាយសាធារណៈ និងខ្វះខាតសេវាកម្មផ្សេងៗ ។
*អ្នកណាក៏អាចទិញផ្ទះចាស់ជប៉ុនបានដែរ ប៉ុន្តែគ្មានសិទ្ធិរស់នៅរយៈពេលយូរ ៖ ច្បាប់ជប៉ុនអនុញ្ញាតឱ្យជនបរទេសអាចទិញផ្ទះបាន ប៉ុន្តែការក្លាយជាម្ចាស់អចលនទ្រព្យរស់នៅរយៈពេលយូរអាចជាបញ្ហាសម្រាប់ជនបរទេស ។ អាជ្ញាធរមូលដ្ឋាននឹងកំណត់ឱ្យផ្ទះថ្មីនៅជនបទចូលរួមចំណែកក្នុងកម្មវិធីនានារបស់សហគមន៍ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ។
ចុងក្រោយ អ្នកស្រី អេលឈិលី សឹរុអូកាក់ (Ashley Tsuruoka) ដាស់តឿនថា ម្ចាស់ផ្ទះថ្មីត្រូវត្រៀមប្រាក់សម្រាប់ជួសជុលផ្ទះ បន្ទាប់ពីខូចខាតដោយសារគ្រោះធម្មជាតិដែលគ្មានអ្នកណាដឹងមុន ក្រោយពីពួកគេបានចំណាយប្រាក់យ៉ាងច្រើនជួសជុលផ្ទះចាស់ ៕










