ទស្សនិកជនទាំងក្នុងស្រុកនិងក្រៅស្រុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថាតារាចម្រៀងថៃវ័យក្មេង Ping Chayada បានលាចាកលោកក្នុងវ័យទើបតែ២០ឆ្នាំបន្ទាប់ពីទៅទទួលសេវាកម្មម៉ាស្សាដើម្បីបំបាត់ការឈឺក និងស្មា។ ស្ថានភាពរបស់នាងកាន់តែធ្ងន់ធ្ងរទៅៗ ខណៈនាងបានចែករំលែកបទពិសោធន៍និងដាស់តឿនដល់អ្នកចូលចិត្តទៅម៉ាស្សា មុនពេលនាងបាត់បង់ជីវិត។

បើតាមប្រភពពីសារព័ត៌មានថៃជាច្រើនមិត្តប្រុសរបស់ Chayada បានបញ្ជាក់ថា នាងបានទទួលមរណភាពនៅព្រឹក ថ្ងៃទី៨ ខែធ្នូ។ មុនពេលស្លាប់ នាងត្រូវបានគេយកទៅព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ ដោយសារខូចខួរក្បាល និងសរសៃប្រសាទ។ Ping Chayada គឺជាអ្នកសិល្បៈឱ្យក្រុមហ៊ុន Guitar Record ដែលមានសំឡេងពីរោះរណ្តុំនិងទន់ភ្លន់។
កាលពីថ្ងៃទី ២៨ ខែតុលា Ping Chayada បានបង្ហោះនៅលើបណ្តាញសង្គមរបស់នាង ដោយបាននិយាយអំពីស្ថានភាពរបស់ខ្លួនថា នាងបានទៅម៉ាស្សានៅឯកន្លែងមួយក្នុង Udon Thani ដើម្បីបំបាត់ការឈឺក និងស្មា។ ក្នុងអំឡុងពេលទទួលសេវាកម្ម បុគ្គលិកធ្វើចលនាក។ ពីរថ្ងៃក្រោយមក នាងចាប់ផ្តើមឈឺខ្នង ទើបនាងលេបថ្នាំបំបាត់ការឈឺចាប់។ មួយសប្តាហ៍ក្រោយមក នាងក៏ស្ពឹកដៃ។ Ping Chayada គិតថា ទាំងនេះជារោគសញ្ញាធម្មតា ទើបនាងបន្តត្រឡប់ទៅកន្លែងម៉ាស្សានោះ។ អ្នកម៉ាស្សាម្នាក់ទៀតបានម៉ាស្សានាងដោយប្រើកម្លាំងកាន់តែខ្លាំង។
បន្ទាប់ពីទទួលសេវាកម្មលើកទី២ នាងមានស្នាមជាំជាច្រើនកន្លែងនៃរាងកាយរបស់នាង។ ប៉ុន្មានថ្ងៃក្រោយមក នាងស្ពឹករាងកាយ កាន់តែធ្ងន់ធ្ងរ ទ្រូង និងពោះឈឺ ហើយនាងពិបាកក្នុងការរស់នៅ។ នាងបានទៅជួបគ្រូពេទ្យ ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានសរសៃប្រសាទគាំងដោយសាររបួស។ Ping Chayada ចែករំលែករឿងរ៉ាវរបស់នាង ដើម្បីឱ្យអ្នកដែលមានចំណាប់អារម្មណ៍ផ្នែកម៉ាស្សាដូចនាង បានរៀនពីបទពិសោធន៍នេះនាង។

កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា នាងបានបង្ហោះ Status Line ចុងក្រោយរបស់នាង ដោយប្រកាសថា នាងកំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់ដាច់ដោយឡែក ដូច្នេះពិបាកនឹងឆ្លើយតបសាររបស់មិត្តភក្តិ។ កំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តប្រុសរបស់នាងតែងតែធ្វើបច្ចុប្បន្នភាពពីស្ថានភាពរបស់នាងស្ថិតក្នុងដំណាក់កាលដាក់ អុកស៊ីសែន និងមានភាពស្លេកស្លាំង។

បើតាម Khaosod អាជ្ញាធរបានចុះត្រួតពិនិត្យកន្លែងម៉ាស្សាដែល Ping Chayada ទៅទទួលសេវាកម្ម។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគ្រប់គ្រងបាននិយាយថា វាមិនច្បាស់ទេថា តារាចម្រៀងរូបនេះមកដល់ថ្ងៃណា ហើយមិនអាចដឹងថាអ្នកណាជាអ្នកម៉ាស្សាដំបូងរបស់នាងនោះទេ។ អ្នកគ្រប់គ្រងបានពន្យល់ថា អ្នកបច្ចេកទេសធ្វើការម៉ាស្សាក្នុងលក្ខណៈសហការគ្នា ដូច្នេះពេលវេលារបស់ពួកគេធ្វើការមិនត្រូវបានកំណត់ទេ ហើយពួកគេទាំងអស់សុទ្ធតែមានអាជ្ញាប័ណ្ណក្នុងការអនុវត្ត៕










