ផន ស្រីពី Miss Intercontinental Cambodia 2024 ទទួលបានចំណាត់ថ្នាក់ TOP22 នៅក្នុងការប្រកួតដោយបានបើកទ្វារកម្ពុជាចូលTOPលើកដំបូង។ ងាកទៅកាន់ប្រកួត Mister Friendship International 2024 វិញដែលមាន ជា ឧត្តមហ្វីឌែល ជាអ្នកតំណាងមិនជាប់ទៅកាន់វគ្គកណ្តាលផ្តាច់ព្រ័ត្រនោះទេ ប៉ុន្តែទទួលបានតំណែង Mister Friendship Asia 2024។ បវរកញ្ញានិងបុរសឯកទាំងពីររូបនេះបានប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការតំណាងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។
ទីបំផុតបន្ទាប់ពីការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែងនៅលើទឹកដីអេហ្ស៊ីប ក្នុងកម្មវិធី Miss Intercontinental 2024 នៅរាត្រីផ្តាច់ព្រ័ត្រថ្ងៃទី៦ ធ្នូ (ម៉ោងក្នុងតំបន់) ផន ស្រីពី ធ្វើឱ្យកម្ពុជាបានជាប់នៅក្នុងចំណាត់ថ្នាក់ TOP22។ ទោះបីជា ផន ស្រីពី មិនអាចឱ្យកម្ពុជាចូលTOPជ្រៅបានប៉ុន្តែនាងបានប្រឹងប្រែងអស់ពីទំហំចិត្តទោះបីជាមិនសូវទទួលបានការគាំទ្រពីប្រជាជនក្នុងស្រុកក៏ដោយ។ ម្ចាស់ជ័យលាភីក្នុងការប្រកួតគឺបានទៅលើបវរកញ្ញាមកពី ព័រតូរីកូ។
យ៉ាងណាមិញ លទ្ធផលនេះក៏ជំរុញឱ្យកម្ពុជាចូលTOPលើកដំបូងនៅក្នុងកម្មវិធី Intercontinental 2024 បន្ទាប់ពីអ្នកតំណាងមុនដូចជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលធ្លាប់មាន Title Miss Intercontinental Cambodia 2021 ប៉ុន្តែត្រូវអវត្តមាននៅក្នុងការតំណាងប្រទេសដោយសារតែមានបញ្ហា Visa។ ចំណែកក្នុងឆ្នាំ២០២២ ដែលមានអ្នកតំណាង ស៊ីម ច័ន្ទស្រីមុំ មិនអាចជាប់ TOP និងឆ្នាំ២០២៣ គ្មានអ្នកតំណាង។ ការប្រឹងប្រែងរបស់ ផន ស្រីពី ក៏ទទួលបានការឧបត្តម្ភលើកទឹកចិត្តពីម្ចាស់ហាងពេជ្រមួយកន្លែងឧបត្ថម្ភទឹកប្រាក់ចំនួន១៥០០ដុល្លារផងដែរ។ 
ងាកមកកាន់ការប្រកួត Mister Friendship International 2024 នៅតៃវ៉ាន់ វិញក៏រកឃើញម្ចាស់ជ័យលាភីនៅក្នុងការប្រកួតហើយដែរនារាត្រីថ្ងៃទី៨ ខែធ្នូនេះ ខណៈ ជា ឧត្តមហ្វីឌែល ជាអ្នកតំណាងកម្ពុជានៅក្នុងការប្រកួត។ យ៉ាងណាមិញគួរឱ្យសោកស្តាយសម្រាប់កម្ពុជាឆ្នាំនេះដែលមិនអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងការប្រកួតឡើងដោយម្ចាស់ជ័យលាភីគឺបានទៅលើបុរសឯកតៃវ៉ាន់។ ដ្បិតថាមិនអាចឱ្យកម្ពុជាចូលTOPទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពិតមែនប៉ុន្តែរូបលោកទទួលបានតំណែងជា Mister Friendship Asia ។ គួរឱ្យដឹងថា កាលពីឆ្នាំ២០២៣ លាវ វេងហួរ បានយកឈ្នះនៅក្នុងការប្រកួតនេះនៅលើទឹកដីប្រទេសថៃក្លាយជា Mister Friendship International 2023។
ជា ឧត្តមហ្វីឌែល បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍នៅពេលជ្រើសរើសមត្ថភាពការផ្លុំខ្លុយនៅក្នុងការប្រកួតដែលកម្រនឹងមានបេក្ខភាពជ្រើសរើសយកឧបករណ៍នេះទៅប្រកួតណាស់ តែយ៉ាងណា Mister Friendship Cambodia 2024 បានប្រឹងប្រែងអស់ពីសមត្ថភាពហើយក្នុងការប្រកួតប្រជែងនៅលើឆាកអន្តរជាតិនេះ៕










