បឹងពារាំង គឺជាតំបន់ទេសចរណ៍ដែលមានជីវៈចម្រុះសម្បូរបែប ជាពិសេសសត្វស្លាបកម្ររាប់ម៉ឺនក្បាលបានកំពុងរស់នៅ និងជាទស្សនីយភាពដ៏សំខាន់មួយសម្រាប់ទាក់ទាញអ្នកទេសចរឱ្យទៅទស្សនាកម្សាន្តនៅទីនោះ។ បឹងនេះមានចម្ងាយប្រហែល ១២ គីឡូម៉ែត្រ ពីកណ្តាលក្រុងសៀមរាប ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប គឺជាកន្លែងអភិរក្សធនធានជលផល និងត្រីមេពូជនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ។

បឹងពារាំងនិងបឹងរណបដ៏ទៃទៀតគឺជាបឹងធម្មជាតិដែលល្អឯក និងជាទីជម្រកមច្ឆាជាតិនិងជីវចម្រុះ-ជីវសាស្រ្ត ព័ទ្ធដោយព្រៃលិចទឹកដែលជាជម្រកត្រីមេពូជ និងសត្វស្លាបប្រមាណជាង ១៧០ ប្រភេទ។ បឹងនេះគ្របដណ្តប់ផ្ទៃទឹក ២៥០ ហិចតានារដូវប្រាំង ដោយបច្ចុប្បន្នបឹងពារាំង ឬតំបន់អភិរក្សជីវចម្រុះបឹងពារាំង ត្រូវការពារ និងអភិរក្សយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត ដោយសមាគមសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំង-សង្កាត់ជ្រាវ ។
ដូច្នេះសម្រាប់អ្នកស្រលាញ់ធម្មជាតិ និងសត្វស្លាប សហគមន៍អភិរក្សជីវៈចម្រុះបឹងពារាំង គឺជាជម្រើសដ៏ល្អបំផុតក្នុងការមកទស្សនាសត្វស្លាបជាច្រើនប្រភេទ។ តាមរយៈការធ្វើដំណើរកម្សាន្តតាមទូកដោយសន្សឹមៗ ជុំវិញតំបន់ដីសើមនៃបឹងទន្លេសាបដ៏មានសក្តានុពលមួយនេះ នឹងអនុញ្ញាតឱ្យលោកអ្នកអាចគយគន់នូវហ្វូងសត្វស្លាបទឹករាប់រយក្បាល ដែលជាប្រភេទបក្សីរងការគំរាមកំហែងជិតផុតពូជ ហោះហើរចេញពីតំបន់ផ្សេងៗនៃព្រៃកោងកាងជុំវិញបឹងទន្លេសាប បង្កើតបានជាទិដ្ឋភាពធម្មជាតិដ៏អស្ចារ្យបំផុត។ ក្រៅពីជិះទូក គយគន់សត្វស្លាបចាប់ចំណី អ្នកទេសចរក៏អាចសម្រាកអារម្មណ៍ និងទទួលទានអាហារឆ្ងាញ់ៗនៅតាមកោះនានាដែលមានក្នុងបឹងផងដែរ។

សូមជម្រាបដែរថា សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង គឺជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត តាមរយ:ទេសភាពព្រៃលិចទឹក ហ្វូងត្រីចម្រុះ ពិសេសជាងនេះទៅទៀតនោះ គឺសត្វស្លាបទឹកគ្រប់ប្រភេទ ដែលវាហែលទឹកហោះហើរប្រឡែងគ្នាលែងយ៉ាងសប្បាយរីករាយនៅក្នុងទឹកបឹងនេះ។ បឹងធម្មជាតិមួយនេះ មានទំហំប្រមាណជាង ២,៦០៧ ហិកតា ប៉ុន្តែនៅរដូវប្រាំងផ្ទៃទឹកបង្រួមនៅសល់ត្រឹមតែជាង ២៥០ ហិកតាប៉ុណ្ណោះ៕









