ត្រចៀក គឺជាអវយវៈដែលមានតួនាទីយ៉ាងច្រើនក្នុងពេលតែមួយ ទាំងការទទួលរលកសម្លេងដែលមកពីខាងក្រៅ និងបំប្លែងជាសញ្ញា បញ្ជូនបន្តទៅខួរក្បាល និងថែមទាំងជួយគ្រប់គ្រងការទប់លំនឹងខ្លួនខណៈរាងកាយធ្វើចលនាទៀតផង។ ដូច្នេះកាលណាដែលមានសត្វល្អិតឬវត្ថុតូចៗចូលទៅក្នុងត្រចៀកអាចបណ្តាលឱ្យមានអាការៈខុសប្រក្រតីដូចជា បាត់បង់លំនឹងខ្លួន ឬហឹងត្រចៀក ក៏ដូចជាប្រឈមនឹងការឈឺចាប់ រួមទាំងបង្កឱ្យមានមេរោគមួយចំនួនចូលទៅក្នុងត្រចៀកទៀតផង។.png)
សត្វល្អិតដែលអាចចូលទៅក្នុងត្រចៀកបានមានច្រើនប្រភេទដូចជា ស្រមោច មមង់ ចៃឆ្កែ រុយ ឬកូនកន្លាតជាដើម ហេតុនេះហើយប្រសិនជាមានវត្ថុអ្វីចម្លែក ឬមានសត្វល្អិតចូលទៅក្នុងត្រចៀក តើយើងគួរធ្វើយ៉ាងណាដើម្បីយកវត្ថុឬសត្វល្អិតទាំងនោះចេញពីត្រចៀកដោយសុវត្ថិភាព? ដូច្នេះវិធីសង្គ្រោះបឋមរួមមាន៖.png)
១.បើមានសត្វល្អិតចូលត្រចៀក គួរងើយឡើងទៅលើ ហើយយកប្រេងលាបខ្លួនរបស់ទារក ឬប្រេងបន្លែ ប្រេងអូលីវ ប្រេងល្ង ឬថ្នាំសម្រាប់បន្តក់ត្រចៀក បន្ដក់ចូលក្នុងត្រចៀកហើយទាញស្លាបត្រចៀកខាងក្រោយ ដើម្បីឱ្យរន្ធត្រចៀកបើកកាន់តែធំ ធ្វើឱ្យប្រេងហូរចូលបានត្រង់។ បន្ទាប់មកត្រូវផ្អៀងត្រចៀកចុះមកវិញ ដើម្បីឱ្យសត្វល្អិតដែលស្លាប់ ឬនៅរស់ក្នុងត្រចៀក ហូរចេញមកក្រៅ។
២.បើសិនជាមានសត្វល្អិតចូលត្រចៀកហើយមានអាការៈឈឺចាប់ក្នុងត្រចៀក មិនគួរបន្តក់ប្រេងអ្វីចូលក្នុងត្រចៀកទាំងអស់ ព្រោះអាចនឹងធ្វើឱ្យអាការៈកាន់តែធ្ងន់ធ្ងរឡើង និងថែមទាំងមិនត្រូវយកម្រាមដៃ ឬរបស់អ្វី ខ្វេះ ឬខ្វារត្រចៀកឡើយ ព្រោះអាចនឹងធ្វើឱ្យសត្វល្អិតនោះ កាន់តែធ្លាក់ចូលទៅជ្រៅជាងមុន និងអាចបណ្តាលឱ្យមានបញ្ហាដល់ក្រដាសត្រចៀកទៀតផង។ ដូច្នេះវិធីល្អ គួរតែបញ្ចាំងភ្លើងពិលចូលទៅក្នុងរន្ធត្រចៀកមួយស្របក់ ប៉ុន្តែវិធីនេះត្រូវស្ថិតនៅក្នុងទីកន្លែងដែលងងឹតគ្មានពន្លឺអ្វីទាំងអស់ទើបមានប្រសិទ្ធភាព។
៣.ប្រសិនបើអ្នកធ្វើគ្រប់វិធីខាងលើហើយ សត្វល្អិតនៅតែមិនចេញមកវិញទៀត ឬមានអាការៈផ្សេងទៀតជ្រៀតជ្រែកដូចជា ឈឺត្រចៀកធ្ងន់ធ្ងរ មានឈាម ឬទឹកហូរចេញមកពីក្នុងត្រចៀក និងហឹងរហូតស្តាប់អ្វីមិនឮនោះ គួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ កុំបណ្តែតបណ្តោយយូរ ព្រោះអាចកើតការឆ្លងមេរោគ រហូតបណ្តាលឱ្យមានអាការធ្ងន់ធ្ងរបាន៕










