ប្រទេសជប៉ុន ៖ យោងតាមឯកសាររបស់វិទ្យាស្ថានជាតិស្រាវជ្រាវពីចំនួនពលរដ្ឋ និងសន្តិសុខសង្គម ដែលបានផ្សព្វផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បង្ហាញថា នៅឆ្នាំ២០៥០ (ឬរយៈពេល២៥ឆ្នាំទៀត) ពលរដ្ឋជប៉ុនដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ស្មើប្រមាណ២០% នឹងរស់នៅផ្ទះម្នាក់ឯង ហើយតូក្យូ នឹងក្លាយជាទីក្រុងសម្បូរពលរដ្ឋអាយុច្រើន និងរស់នៅតែម្នាក់ឯង រហូតដល់៥៤% ។

វិទ្យាស្ថាននេះបញ្ជាក់ថា បញ្ហានេះនឹងកើតឡើងនៅតាមទីក្រុងធំៗ និងតំបន់ជនបទ ដែលបណ្តាលមកពីកត្តាខុសៗគ្នា ដូចជា ៖ នៅតាមទីក្រុងធំៗមានចំនួនពលរដ្ឋរៀបការធ្លាក់ចុះ រីឯនៅតំបន់ជនបទសម្បូរប្តី-ប្រពន្ធអាយុច្រើនរស់នៅ ហើយនៅពេលប្តី ឬប្រពន្ធស្លាប់ គឺនឹងធ្វើឱ្យដៃគូរស់នៅតែម្នាក់ឯង ។
វិទ្យាស្ថានរំពឹងថា គ្រួសារជប៉ុនដែលមានពលរដ្ឋអាយុចាប់ពី៧៥ឆ្នាំឡើងទៅ នឹងកើនឡើងយ៉ាងឆាប់រហ័ស និងសាយភាយទៅតាមបណ្តាខេត្ត នៅឆ្នាំ២០៥០ ក្នុងនោះខេត្តចំនួន៤ អាចមានតួលេខច្រើនជាងបណ្តាខេត្តផ្សេងៗទ្វេដង គឺខេត្តអូគិណា, វ៉ាឈិកាក់, សៃតាម៉ា និងអិបារ៉ាគិ ។

ហេតុនេះ ចំនួនគ្រួសារមានសមាជិកតែម្នាក់នឹងកើនឡើងនៅគ្រប់ខេត្តទាំងអស់ នៅឆ្នាំ២០៥០ ។ ពលរដ្ឋជប៉ុនចាស់ៗរស់នៅផ្ទះតែម្នាក់ឯងនឹងធ្វើឱ្យរដ្ឋាភិបាលប្រឈមនឹងបញ្ហាជាច្រើន ដូចជា ៖ ពិបាកផ្តល់ការថែទាំសុខភាព, ការប្រើប្រាស់សេវាពេទ្យ, ភាពក្រីក្រ និងពលរដ្ឋអាយុច្រើនរស់នៅឯកោពីសង្គម ។
ចំណែកមូលហេតុដែលចំនួនពលរដ្ឋរស់នៅទីក្រុងតូក្យូ និងនៅបណ្តាខេត្តធ្លាក់ចុះ គឺដោយសារចំនួនការរៀបអាពាហ៍ពិពាហ៍របស់យុវជនជប៉ុន និងអត្រាកំណើតធ្លាក់ចុះខ ។ គេរំពឹងថា ចំនួនគ្រួសារជប៉ុនសរុប នឹងស្មើជាង៥២លានគ្រួសារ នៅឆ្នាំ២០៥០ គឺធ្លាក់ចុះ៥,៦% ពីចំនួនជាង៥៥លានគ្រួសារ នៅឆ្នាំ២០២០ ។
ជាមួយគ្នានេះ ចំនួនគ្រួសារជប៉ុនដែលមានសមាជិកតែម្នាក់ នឹងកើនឡើងពីជាង២១លានគ្រួសារ នៅឆ្នាំ២០២០ មកស្មើជាង២៣លានគ្រួសារ នៅឆ្នាំ២០៥០ ៕










