ប្រទេសរុស្ស៊ី ៖ យោងតាមឯកសាររបស់រដ្ឋាភិបាលរុស្ស៊ី ដែលត្រូវបានផ្សព្វផ្សាយកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមក បញ្ជាក់ថា រដ្ឋាភិបាលទីក្រុងមូស្គូ នឹងបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលអាហារពីបណ្តាប្រទេសជាច្រើនដែលបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី រហូតដល់ចុងឆ្នាំ២០២៦ ។ លើសពីនេះ រុស្ស៊ីនឹងបន្ថែមប្រទេសមួយទៀតទៅក្នុងបញ្ជីហាមឃាត់ផងដែរ ។
.png)
សារព័ត៌មានស៊ីនហួរ បានរាយការណ៍ពីទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ថា កន្លងមក រុស្ស៊ីបានអនុវត្តវិធានការហាមឃាត់ការនាំចូលអាហារពីប្រទេសជាច្រើន ដូចជា ៖ អាមេរិក, សហភាពអឺរ៉ុប (EU), កាណាដា, អង់គ្លេស, អូស្ត្រាលី, ន័រវេស, អ៊ុយក្រែន, អាល់បានី, ម៉ុងតេណេហ្គ្រោ, អ៊ីស្លង់ និងលីចតេនស្ទីន ។ រីឯវិធានការហាមនាំចូលអាហារលើកចុងក្រោយរបស់រុស្ស៊ី នឹងបន្ថែមប្រទេសនូវែលសេឡង់ ចូលក្នុងបញ្ជីហាមឃាត់ ។
ចំណែកប្រភេទអាហារដែលរុស្ស៊ីហាមនាំចូមកកាន់ប្រទេសរបស់ខ្លួន រួមមាន ៖ សាច់សត្វ, សាច់ក្រក, ត្រី, អាហារសមុទ្រ, ផលិតផលទឹកដោះគោ, បន្លែ និងផ្លែឈើ ។ រុស្ស៊ីបានអនុវត្តវិធានការហាមនាំចូលអាហារពីប្រទេសជាច្រើនជាលើកដំបូង កាលពីឆ្នាំ២០១៤ ហើយរុស្ស៊ីបានពន្យារពេលហាមនាំចូលអាហារពីក្រៅប្រទេស កាលពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ចុងឆ្នាំ២០២៤ ។

រហូតមកដល់ខែធ្នូ ឆ្នាំ២០២៤នេះ ប្រទេសរុស្ស៊ីក៏បានប្រកាសពន្យារពេលហាមនាំចូលអាហារពីក្រៅប្រទេសបន្តទៀត រហូតដល់ចុងឆ្នាំ២០២៦ ។ មតិនានាសន្និដ្ឋានថា រុស្ស៊ីនឹងអនុវត្តវិធានការហាមឃាត់ការនាំចូលអាហារបែបនេះជាច្រើនឆ្នាំទៀត ឬលុះត្រាតែប្រទេសនានាឈប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី ។
គួរបញ្ជាក់ថា ប្រទេសជាច្រើន ជាពិសេស អាមេរិក និងសហភាពអឺរ៉ុប ពុំពេញចិត្តនឹងរុស្ស៊ីយ៉ាងខ្លាំងពាក់ព័ន្ធករណីរុស្ស៊ីវាយប្រហារលើទឹកដីអ៊ុយក្រែន អស់រយៈពេលជាច្រើនឆ្នាំ ទើបប្រទេសទាំងនេះដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី ដើម្បីឱ្យរុស្ស៊ីនៅឯកោពីគេ ។ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចដាស់តឿនថា វិធានការហាមនាំចូលអាហាររបស់រុស្ស៊ី នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាច្រើន ហើយស្បៀងអាហារនឹងលើសតម្រូវការនៅអឺរ៉ុប ៕










