ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អាហារដ៏ល្បីឈ្មោះ «សម្លតុមយ៉ាំ» ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិជាផ្លូវការ ក្នុងកិច្ចប្រជុំនៅប្រទេស Paraguay ។ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានអញ្ជើញពលរដ្ឋថៃ និងភ្ញៀវទេសចរលើពិភពលោក បរិភោគសម្លនេះដើម្បីឱ្យក្លាយជា Soft Power របស់ជាតិ ។

លោក Jirayu Houngsub មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីនិយាយថា កិច្ចប្រជុំគណៈកម្មការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី លើកទី១៩ បានចុះបញ្ជីសម្លតុមយ៉ាំ គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។ ការចុះបញ្ជីលើកនេះ បានធ្វើឱ្យពិភពលោកស្គាល់ប្រទេសថៃថា គឺជាទឹកដីសម្បូរវប្បធម៌ និងអាហារជាច្រើនមុខ ជាពិសេស សម្លតុមយ៉ាំបង្គា នឹងជួយជំរុញសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរ ។

លោកស្រី ផេថងថាន ថ្លែងថា ការចុះបញ្ជីសម្លតុមយ៉ាំរបស់អង្គការយូណេស្កូ គឺជាភាពជោគជ័យមួយ និងមោទនភាពរបស់ពលរដ្ឋថៃទូទាំងប្រទេស ព្រមទាំងអរគុណគណៈកម្មការនេះ និងម្ចាស់ផ្ទះកិច្ចប្រជុំផងដែរ ដែលផ្តល់កិត្តិយស លើកតម្កើងមរតកវប្បធម៌ថៃ ។ លោកស្រីថា សម្លនេះបញ្ជាក់ពីភាពស៊ីជម្រៅនៃប្រាជ្ញា និងការរស់នៅរបស់ពលរដ្ឋថៃ ហើយវាជាអាហារសុខភាពឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ តាមរយៈការប្រើប្រាស់គ្រឿងផ្សំធម្មជាតិ ។.png)
ក្រៅពីនេះ លោកស្រីក៏បានអញ្ជើញពលរដ្ឋថៃ និងភ្ញៀវទេសចរលើពិភពលោក បរិភោគស្លតុមយ៉ាំក្នុងភោជនីយដ្ឋានថៃ ឬសាកល្បងចម្អិនសម្លនៅផ្ទះ ដើម្បីទទួលបានរសជាតិឆ្ងាញ់ភ្ជាប់គ្នាជាមួយវប្បធម៌ ។ សម្លតុមយ៉ាំ ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃបន្ទាប់ពីល្ខោនខោល, ម៉ាស្សា, របាំមនោរ៉ា និងពិធីបុណ្យសង្ក្រាន្ត ។ 
នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃនឹងរៀបចំពិធីយ៉ាងអធិកអធមឈ្មោះ «Tom Yum Kung and Kebaya: Intangible Cultural Heritage of Humanity Celebration» ដើម្បីអបអរការចុះបញ្ជីសម្លតុមយ៉ាំ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងបាងកក ។ ក្នុងកម្មវិធីនឹងមានការបង្ហាញពីវប្បធម៌ និងប្រគំតន្ត្រី ដើម្បីឱ្យអ្នកចូលរួមស្គាល់ពីវប្បធម៌ថៃ ៕










