យោងតាមអ្នកយកព័ត៌មានរបស់កាសែត The Straits Times ដែលមានឈ្មោះថា Lydia Yang បានចែករំលែកថា សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តឡើងភ្នំគយគន់ទេសភាព តំបន់ទាំង ៥ នៃប្រទេសអាស៊ីអាគ្នេយ៍នេះគឺពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់ ជាពិសេសនៅរដូវរងារតែម្តង ដែលកន្លែងទាំងនោះរួមមាន៖
១.ភ្នំកំពង់ត្រាច៖ ភ្នំកំពង់ត្រាចមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣៦ ក្នុងឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត ប្រទេសកម្ពុជាយើង។ ភ្នំនេះគឺជារមណីយដ្ឋានធម្មជាតិនិងប្រវត្តិសាស្ត្រមួយ ដែលទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរដែលចង់ទៅកម្សាន្តនៅតំបន់ទេសភាពប្លែកភ្នែក ខ្យល់អាកាសបរិសុទ្ធ រូងភ្នំមានខ្យល់ត្រជាក់ ជាពិសេសគឺបទពិសោធន៍ឡើងភ្នំតែម្តង ដែលអាចធ្វើឱ្យអ្នកលោកអ្នកទៅកម្សាន្តនៅទីនេះទទួលបានអារម្មណ៍ស្រស់ស្រាយបំផុត។
២.តំបន់ Thakhek៖ តំបន់ Thakhek មានទីតាំងស្ថិតនៅភាគកណ្តាលប្រទេសឡាវ ជាប់ព្រំដែនប្រទេសថៃ។ តំបន់នេះមានភាពល្បីល្បាញខ្លាំងដោយសារផ្លូវឡើងភ្នំចម្រុះជាង ៦០០ ដែលមានជួរភ្នំជាច្រើន មានផ្ទាំងថ្មធំៗ ទម្រង់ថ្មរាងចម្លែក និងជម្រាលថ្មចោត។ ផ្លូវឡើងភ្នំមានទីតាំងនៅជ្រលងភ្នំដូចគ្នា ចំណុចខ្លះទៀតត្រូវដើរ ១០-២០ នាទីពីកន្លែងបោះជំរំ។ ដូច្នេះកន្លែងនេះគឺសក្តិសមបំផុតសម្រាប់ភ្ញៀវទេសចរណ៍ដែលចូលចិត្តឡើងភ្នំ និងការផ្សងព្រេង។
.png)
៣.តំបន់ Batu Caves៖ Batu Caves គឺជាកន្លែងទាក់ទាញដ៏ល្បីល្បាញមួយរបស់ប្រទេសម៉ាឡេស៊ី រួមទាំងការឡើងភ្នំផងដែរ។ ជាមួយនឹងច្រាំងថ្មកំបោរ និងប្រព័ន្ធរូងភ្នំដ៏ធំទូលាយ តំបន់ Batu Caves ផ្តល់នូវផ្លូវឡើងភ្នំសមរម្យសម្រាប់គ្រប់កម្រិតទាំងអស់។ នៅពេលទៅដល់កន្លែងនេះអ្នកទស្សនានឹងឃើញរូបសំណាកព្រះហិណ្ឌូ Murugan កម្ពស់ ៤២ ម៉ែត្រ បូករួមនឹងទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍បំផុតនៃព្រៃត្រូពិចជុំវិញ។

៤.តំបន់ Suoi Da៖ Suoi Da គឺជាកន្លែងសម្រាប់សកម្មភាពឡើងភ្នំគួរឱ្យចាប់អារម្មណ៍មួយនៅក្នុងតំបន់ភាគខាងត្បូងប្រទេសវៀតណាម។ នេះគឺជាជួរភ្នំថ្មដែលមានកំពស់រហូតដល់ ៦ ម៉ែត្រ មិនត្រូវការខ្សែក្រវ៉ាត់សុវត្ថិភាពទេ ដោយសារថ្មនៅទីនេះមានភាពរលូន ងាយស្រួលក្នុងការយកឈ្នះ។
៥.ទីក្រុង Lopburi៖ Lopburi ស្ថិតនៅភាគខាងជើងនៃទីក្រុងបាងកក ប្រទេសថៃ គឺជាជម្រើសដ៏ល្អមួយសម្រាប់អ្នកទេសចរដែលចង់ទទួលបានបទពិសោធន៍ឡើងភ្នំក្នុងទីធ្លាស្ងប់ស្ងាត់ និងសម្រាកលំហែជាមួយដីចម្រុះ។ ផ្លូវឡើងភ្នំនាំអ្នកទស្សនាទៅកាន់ Khao Chin Lae ដែលជាកំពូលភ្នំដ៏លេចធ្លោនៅក្នុងតំបន់ ដែលអ្នកអាចរីករាយនឹងទេសភាពធម្មជាតិដ៏ស្រស់បំព្រងនៅទីនោះ៕










