យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានគូសបញ្ជាក់ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី២៩ឆ្នាំ២០២៤ នៅខេត្តសៀមរាបចាប់ផ្តើមនាព្រឹកព្រលឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នេះដោយមានអ្នកចូលរួមជាអត្តពលិកអាជីព ពាក់កណ្ដាលអាជីព និងមិនមែនអាជីព បានជួបជុំគ្នានៅខាងមុខប្រាសាទ អង្គរ ដែល មានមនុស្សសរុប ១៣ ៨៧៧នាក់ ក្នុងនោះជនបរទេសមានចំនួន ៣ ៣៤៥នាក់ មកពី ៨៧ប្រទេស ។

គណៈកម្មការរៀបចំកម្មវិធីបានបញ្ជាក់ថា ចំនួននេះបានបំបែកកំណត់ត្រានៃការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ តាំងពីឆ្នាំ១៩៩៦ ដែលមានអ្នកចូលរួមប្រមាណជាង ៦០០នាក់ មកពីជាង ១០ ប្រទេសតែប៉ុណ្ណោះ។ ជាលទ្ធផលជ័យលាភីចំណាត់ថ្នាក់លេខ១, ២ និងលេខ៣ រត់ចម្ងាយ ២១គីឡូម៉ែត្របានទៅលើកីឡាការនីមកពីប្រទេសជប៉ុនទាំង៣រូប។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្នុងព្រឹត្តិការណ៍នេះ ក៏រួមមានវត្តមានប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងសមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ចូលរួមបើក និងរត់ជាមួយ អត្តពលិកផងបានញ៉ាំងឱ្យព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់ កណ្តាល ម៉ារ៉ាតុង អង្គរលើកទី២៩ ឆ្នាំនេះ កាន់តែមានភាពអធិកអធមក្រៃលែង។

សូមជម្រាបថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ ដ៏ធំនិងមានវ័យចំណាស់ជាងគេរបស់កម្ពុជាមួយនេះ មាន គោល បំណងចម្បង លើកកម្ពស់ដល់វិស័យមនុស្សធម៌ ជាពិសេសជនពិការ ដែលរងគ្រោះដោយសារគ្រាប់មីន។ ទិវានេះមានការគាំទ្រ យ៉ាងពេញ ទំហឹង ពីរាជរដ្ឋាភិបាល និងបច្ចេកទេសរត់ប្រណាំងស្ដង់ដារ កម្រិត អន្តរជាតិដោយគណៈកម្មាធិការម៉ារ៉ាតុងពិភពលោក IAAF និងAIMF។ ការរត់ប្រណាំងអន្តរជាតិនេះដែរមានវិញ្ញាសារចម្ងាយ ៣ គីឡូម៉ែត្រ, ៥ គីឡូម៉ែត្រ, ១០ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត្រ៕









