ប្រាសាទកោះកេររបស់កម្ពុជាយើងត្រូវបានទស្សនាវដ្ដីទេសចរណ៍អាមេរិក Fodor ចុះផ្សាយថាជាគោលដៅតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលលោកអ្នកគួរទៅលេងនៅឆ្នាំ ២០២៥។ ពិតណាស់ ជារៀងរាល់ឆ្នាំទស្សនាវដ្ដីនេះតែងតែចុះផ្សាយអំពីគោលដៅទេសចរណ៍ល្បីៗជាច្រើនកន្លែង ដែលក្នុងនោះក៏មានតំបន់ជាច្រើននៅអាស៊ីអាគ្នេយ៍ផងដែរ។ ទោះជាយ៉ាងណានៅឆ្នាំ ២០២៥ ខាងមុខនេះ មានតែប្រាសាទកោះកេរតែមួយគត់ ដែលស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ដែលអ្នកគួរទៅលេង ខណៈតំបន់ជាច្រើនទៀតនៅអាស៊ីអាគ្នេយ៍គឺមិនស្ថិតក្នុងបញ្ជីនេះទេ។
ក្នុងចំណោម ២៥ គោលដៅនៃបញ្ជី ទ្វីបអាស៊ីមានតែ ៣ គោលដៅប៉ុណ្ណោះគឺ៖ ប្រាសាទកោះកេររបស់កម្ពុជា, តំបន់មេហ្គាឡាយ៉ានៅប្រទេសឥណ្ឌា និងទីក្រុងនីកូក្នុងប្រទេសជប៉ុន។ ដូច្នេះប្រាសាទកោះកេរ បានក្លាយជាអ្នកតំណាងអាស៊ីអាគ្នេយ៍តែមួយគត់នៅក្នុងបញ្ជីគោលដៅទេសចរណ៍មួយនេះ។ យោងតាម Fodor’s Travel បានសរសេរថា “បើភ្ញៀវទេសចរចង់ចៀសវាងពីកន្លែងកកកុញ លោកអ្នកអាចពិចារណាលើប្រាសាទកោះកេរ ដែលជាកន្លែងបុរាណវត្ថុ ដ៏ធំទូលាយផ្តល់នូវការយល់ដឹងដ៏គួរឱ្យចាប់អារម្មណ៍បំផុតនៃអាណាចក្រខ្មែរ”។ 
ប្រាសាទកោះកេរ ប្រាសាទខ្មែរលាក់ខ្លួនក្នុងខេត្តព្រះវិហារ ដែលស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន មានចម្ងាយប្រមាណ ១២០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងប្រមាណ ៦០ គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទដ៏ល្អឯកនេះ កសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី ៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ដោយមាន ៧ ជាន់ និងមានកម្ពស់ ៣៥ម៉ែត្រ។ លក្ខណៈពិសេសរបស់ប្រាសាទកោះកេរ គឺមានប្រាសាទពីរ៉ាមីត ដែលជាប្រាសាទល្អឥតខ្ចោះមួយក្នុងប្រទេសកម្ពុជា។ បន្ថែមពីនោះ ចម្លាក់នៅក្នុងប្រាសាទកោះកេរក៏ជាចម្លាក់ទោល មិនជាប់នឹងជញ្ជាំងប្រាសាទដូចនៅប្រាសាទអង្គរវត្តឡើយ ហើយចម្លាក់មានលក្ខណៈធំៗជាងនៅប្រាសាទអង្គរ។ 
បច្ចុប្បន្នប្រាសាទដ៏អស្ចារ្យមួយនេះមានអាយុកាលជាង ១០០០ ឆ្នាំហើយ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយផ្ទៃដីប្រមាណ ៨ ពាន់ហិកតា ដែលមានប្រាសាទជាង ៧០ នៅក្នុងនោះ ប៉ុន្តែប្រាសាទដែលលេចធ្លោជាងគេគឺ ប្រាសាទប្រាង្គ (ពីរ៉ាមីត)។ គួរបញ្ជាក់ដែរថា នេះជាតំបន់រមណីយដ្ឋានទី ៤ របស់កម្ពុជាហើយដែលបានដាក់បញ្ជូលក្នុងសម្បត្តិរបស់ពិភពលោកបន្ទាប់ពី អង្គរវត្ត ព្រះវិហារ និងប្រាសាទសំបូរព្រៃគុក៕










