ទោះបីជាបច្ចុប្បន្ននេះរថយន្តអគ្គិសនី និងរថយន្តកូនកាត់កំពុងនាំមុខគេក្នុងពិភពលោក មានការពេញនិយមខ្លាំងក៏ដោយ ក៏រថយន្តប្រើហ្គាស និងរថយន្តប្រើសាំងនៅតែមានប្រជាប្រិយភាពដដែល។ ទោះជាយ៉ាងណា មានការជជែកវែកញែកថា ការប្រើប្រាស់រថយន្តប្រភេទហ្គាស (LPG) អាចបង្កឱ្យមានការឆាបឆេះ បណ្តាលឱ្យមានគ្រោះ.ថ្នាក់ច្រើនជាងរថយន្តប្រើសាំង។ ដូច្នេះហើយតើការលើកឡើងទាំងនេះជាការពិតដែរឬទេ?
.png)
សម្រាប់ចម្លើយនោះគឺ “មិនពិតនោះទេ” នេះបើផ្អែកតាមបទពិសោធន៍អ្នកប្រើប្រាស់ និងតាមបច្ចេកទេសរបស់យានយន្តដែលប្រើហ្គាស បានលើកឡើងថា រថយន្តដែលប្រើហ្គាសគឺមិនអាចបង្កឱ្យមានការឆាបឆេះ ឬបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ឡើយ។ ផ្ទុយទៅវិញរថយន្តប្រើហ្គាសអាចល្អជាងរថយន្តប្រើសាំងទៅទៀត នេះក៏ដោយសារធុងផ្ទុកហ្គាស LPG ផលិតពីដែកសុទ្ធដែលមានដង់ស៊ីតេខ្ពស់ អាចទ្រាំទ្រនឹងសម្ពាធខ្ពស់បានយ៉ាងល្អបំផុត។ 
ជាទូទៅធុងផ្ទុកហ្គាសមានកម្រាស់ពី ៣ ម.ម ទៅ ៦ ម.ម ដែលអាចប្រើប្រាស់សម្រាប់ផ្ទុកហ្គាសបានយ៉ាងមានប្រសិទ្ធភាព ហើយវាមិនងាយរងការខូចខាត និងលេចធ្លាយនោះទេ ទោះបីជាមានការប៉ះទង្គិចធ្ងន់ធ្ងរក៏ដោយ ក៏ធុងហ្គាសនៅតែភាពរឹងមាំ។ លើសពីនេះប្រព័ន្ធការពារពីការចាក់ហៀរ ធុងហ្គាសសម្រាប់យានយន្ត ក៏ត្រូវបានភ្ជាប់មកនូវជាមួយប្រព័ន្ធ Automatic Fill Limiter (AFL) ដែលនឹងផ្ដាច់ការបញ្ចូលហ្គាសភ្លាមៗ មិនឱ្យមានការបញ្ចូលច្រើនហួសកម្រិតពេកទេ ដែលនេះធ្វើឱ្យរថយន្តប្រើហ្គាសកាន់តែមានសុវត្ថិភាព។ 
ម៉្យាងទៀតបើប្រៀបធៀបជាមួយនឹងធុងសាំងវិញ បើយើងចាក់សាំងហៀរបន្តិចបន្តួច សាំងនឹងហូរចេញមកក្រៅ អាចប៉ះពាល់ថ្នាំរថយន្ត និងអាចឆាបឆេះបានលឿនទៀតផង ខុសពីហ្គាសប្រសិនបើចាក់លើស វានឹងហើរចេញទៅបាត់មិនបន្សល់ស្លាកស្នាមឡើយ។ ទន្ទឹមនឹងនេះ ធុងហ្គាសសម្រាប់យានយន្តក៏មានប្រព័ន្ធភ្លើងសុវត្ថិភាពសម្រាប់បិទការបង្ហូរហ្គាសដោយស្វ័យប្រវត្តិទៅក្នុងម៉ាស៊ីន ពេលវាលែងដំណើរការផងដែរ។ ការផលិតរថយន្តប្រើហ្គាសគឺដើម្បីទប់ទល់នឹងស្ថានភាពលំបាក ដូច្នេះវាមិនអាចអាចបង្កឱ្យមានការឆាបឆេះ ឬបណ្តាលឱ្យមានគ្រោះ.ថ្នាក់ដល់អ្នកប្រើប្រាស់ឡើយ។
សរុបមកវិញ រថយន្តដែលប្រើហ្គាសគឺមិនងាយនឹងឆាបឆេះដូចរថយន្តដែលប្រើសាំងនោះទេ។ បើតាមការពិសោធនោះ រថយន្តដែលប្រើសាំងឆាប់ឆេះដោយឯកឯងនៅសីតុណ្ហភាពចាប់ពី ២៤៦ អង្សារសេ ខណៈពេលដែលរថយន្តប្រើហ្គាស LPG ឆាបឆេះដោយឯកឯងនៅសីតុណ្ហភាពចាប់ពី ៤៧០ អង្សារសេឯណោះ។ នេះសបញ្ជាក់ឱ្យឃើញថា សាំងពិតជាងាយឆាបឆេះជាងហ្គាស LPG ទ្វេដង ដូច្នេះលោកអ្នកមិនចាំបាច់ភ័យបារម្ភអំពីសុវត្ថិភាពរបស់រថយន្តប្រើហ្គាសឡើយ ការជ្រើសរើសរថយន្តប្រើហ្គាសគឺល្អបំផុត៕










