ប្រទេសជប៉ុន ៖ កាលពីឆ្នាំ១៩៧០ ម៉ាស៊ីនងូតទឹកដោយស្វ័យប្រវត្តិបានទាក់ទាញចំណាប់អារម្មណ៍អ្នកចូលរួមកម្មវិធី «Japan World Expo» នៅប្រទេសជប៉ុនយ៉ាងខ្លាំង ពីព្រោះម៉ាស៊ីននឹងសម្អាតរាងកាយមនុស្សឱ្យស្អាត ដោយគ្រាន់តែយើងចូលទៅដេកស្ងៀមក្នុងម៉ាស៊ីនប៉ុណ្ណោះ ។
ម៉ាស៊ីនងូតទឹកដោយស្វ័យប្រវត្តិនេះត្រូវបានផលិតដោយក្រុមហ៊ុន Sanyo Electric (បច្ចុប្បន្ន ក្រុមហ៊ុនបានប្តូរឈ្មោះជា Panasonic) ប៉ុន្តែនៅពេលនោះ ពលរដ្ឋជប៉ុនពុំសូវនិយមប្រើប្រាស់វាទេ ។ ដូច្នេះ បច្ចេកវិទ្យាងូតទឹកក្នុងម៉ាស៊ីនគ្មានការអភិវឌ្ឍបន្ថែមអ្វីឡើយ ។

រយៈពេល៥០ឆ្នាំក្រោយមក ម៉ាស៊ីនងូតទឹកដោយស្វ័យប្រវត្តិត្រូវបានប្រធានក្រុមហ៊ុនផលិតសម្ភារៈងូតទឹកផ្កាឈូក Science Co. ឈ្មោះ យ៉ាស៊ុអាគិ អាអូយ៉ាម៉ាក់ ផលិតម្តងទៀត ។ ប្រធានក្រុមហ៊ុនពេញចិត្តនឹងបច្ចេកវិទ្យានេះយ៉ាងខ្លាំងក្រោយពីបានទៅទស្សនាម៉ាស៊ីនងូតទឹកដោយស្វ័យប្រវត្តិពេលលោករៀនថ្នាក់ទី៤ ទើបសម្រេចចិត្តយកបច្ចេកវិទ្យាមកអភិវឌ្ឍន៍ឡើងវិញ ។

ក្រុមហ៊ុន Science Co. បានផលិតម៉ាស៊ីនងូតទឹកដោយស្វ័យប្រវត្តិទំនើបជាងមុន ដោយម៉ាស៊ីននេះនឹងដំណើរការពេលមានមនុស្សចូលទៅផ្នែកខាងក្នុង ។ វានឹងចាប់ផ្តើមបង្ហូរទឹកក្តៅឧណ្ឌៗដោយស្វ័យប្រវត្តិ និងមានអេប៉ុងសម្រាប់ដុសរាងកាយ ហើយប្រព័ន្ធ Sensor នឹងពិនិត្យសញ្ញាសំខាន់ៗដើម្បីឱ្យប្រាកដចិត្តថា តើសីតុណ្ហភាពក្នុងម៉ាស៊ីនសមស្របនឹងរាងកាយដែរឬទេ?
ក្រៅពីនេះ វាក៏មានប្រព័ន្ធ AI ជួយវិភាគថា តើយើងមានអារម្មណ៍ស្ងប់ ឬរំភើបពេលកំពុងងូតទឹក? បន្ទាប់មក ប្រព័ន្ធ AI នឹងបង្ហាញរូបភាពជួយឱ្យអារម្មណ៍យើងប្រសើរឡើង ។ រីឯការងូតទឹក និងសម្ងួតរាងកាយ នឹងចំណាយពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ ។.png)
លោក អាអូយ៉ាម៉ាក់ តាំងចិត្តថា នឹងធ្វើឱ្យក្តីសុបិនវ័យកុមាររបស់ខ្លួនទទួលបានជោគជ័យ ហើយបច្ចុប្បន្ន ម៉ាស៊ីននេះបំពាក់បច្ចេកវិទ្យាបានជាង៧០% ។ លោកមានគម្រោងបង្ហាញម៉ាស៊ីនដ៏ទំនើបនេះក្នុងកម្មវិធី «Osaka Expo 2025» ដែលនឹងរៀបចំនៅខែមេសា ឆ្នាំ២០២៥ ហើយវានឹងក្លាយជាឧបករណ៍ថ្មីសម្រាប់មនុស្សនាថ្ងៃអនាគត ។
ម៉ាស៊ីននេះឈ្មោះ «Mirai Ningen Sentakuki» មានរូបរាងស្រដៀងនឹងយានអវកាស ឬបន្ទប់របស់អកាសយានិកបើកបរយន្តហោះចម្បាំង ដែលបានបំពាក់កញ្ចក់នៅផ្នែកខាងមុខ, ឆ្វេង និងស្តាំ ។ ប៉ុន្តែពុំទាន់មានព័ត៌មានថា ក្រុមហ៊ុននឹងលក់ម៉ាស៊ីននេះនៅពេលណា ឬមានមនុស្សប៉ុន្មាននាក់ចាប់អារម្មណ៍ទេ ។ នេះបង្ហាញថា ជប៉ុនអាចដោះស្រាយបញ្ហាខ្ជិលងូតទឹករបស់មនុស្ស ដោយគ្រាន់តែចូលទៅដេកក្នុងម៉ាស៊ីន ៕










