រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតផ្តល់សិទ្ធឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដើម្បីសិក្សាសមិទ្ធលទ្ធភាពសាងសង់ផ្លូវរថភ្លើងល្បឿនលឿន សម្រាប់ដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ រវាងប្រទេសកម្ពុជា និងប្រទេសថៃ។

គម្រោងនេះ មានប្រវែង ៣៨២ គីឡូម៉ែត្រ ជាប្រភេទរថភ្លើង ដើរដោយ ថាមពលអគ្គិសនី និងអាចអោយរថភ្លើងរត់បាននៅក្នុងល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

គម្រោងផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត គ្រោងនឹងចំណាយថវិការ៤ពាន់លានដុល្លារ ដោយឆ្លងខេត្តកំពង់ធំ ខេត្តសៀមរាប ប៉ោយប៉ែត។

លើសពីនេះទៅទៀត ក៏នឹងមានការសាងសង់ ផ្លូវអាកាសចំនួន ៣០០ កន្លែង ដើម្បីបញ្ចៀសចំណុចប្រសព្វផ្លូវជាតិ និងផ្លូវស្រុកផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ផ្លូវដែក ដែលមានស្រាប់ ក្នុងប្រទេសកម្ពុជាមាន ២ ខ្សែ។ ខ្សែទី១-ភ្នំពេញ ទៅ ប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ និងមួយទៀតពីភ្នំពេញ ទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត៕