អ្នកគាំទ្រវិស័យបវរកញ្ញាជ្រាបមកហើយថា ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 មិនបានតំណាងប្រទេសកម្ពុជាចូលរួមប្រកួតនៅលើឆាកអន្តរជាតិដោយសារបញ្ហាវីសារ ខណៈក៏មានរឿងរសើបជាមួយអ្នកគ្រប់គ្រងលោក អ៊ិន សុភិន មួយប្រាវ។ ទោះយ៉ាងណា អ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចនោះទេដោយពេលនេះនាងសម្រេចចិត្តចូលប្រកួតសាជាថ្មី។

នៅថ្ងៃទី២២ វិច្ឆិកា ស្ថាប័ន Supranational Cambodia បានប្រកាសពីបេក្ខភាព ឈុំ ចាន់ដារ៉ា ក្នុងជាប់វគ្គជម្រុះតាមរយៈរូបថត Online លើកដំបូងដោយនាងមានអាយុ២៥ឆ្នាំកម្ពស់១.៧០ម៉ែត្រ ទម្ងន់៥០គីឡូក្រាមកម្រិតភាសាមានចំនួនពីរគឺខ្មែរនិងអង់គ្លេសដែលមានទេពកោសល្យសម្តែង ដើរម៉ូត រាំ និងច្រៀង។ ការប្រកាសនេះបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញនាងសម្រេចចិត្តមកប្រកួតម្តងទៀតដើម្បីមានឱកាសបង្ហាញសមត្ថភាពតំណាងកម្ពុជានៅលើឆាកអន្តរជាតិបន្ទាប់ពីខកខានក្នុងការប្រកួតកាលពីកន្លងមកនេះ។.png)
ជាការពិត តារាសម្តែង ឈុំ ចាន់ដារ៉ា ត្រូវបានចាត់តាំងក្លាយជា Miss Supranational Cambodia 2024 ក្រោមអ្នកគ្រប់គ្រងលោក អ៊ិន សុភិន ប៉ុន្តែជាអកុសលរូបនាងខកខានចេញទៅប្រកួតនៅប៉ូឡូញដោយសារតែបញ្ហាយឺតយ៉ាវ Visa មិនអាចចេញទៅប្រកួតទាន់ពេលវេលា។ ក្រោយពីខកខានក្រោយមកក៏មានភាពចម្រូងចម្រាសហើយភាគី ឈុំ ចាន់ដារ៉ា និងលោកអ៊ិន សុភិន បានធ្វើកិច្ចសន្យាបញ្ចប់ការងារស្តីពីកញ្ញាឯកអន្តរជាតិកម្ពុជាឆ្នាំ២០២៤។
ឈុំ ចាន់ដារ៉ា នឹងត្រូវធ្វើការធ្ងន់ក្នុងការដណ្តើមមកុដក្នុងកម្មវិធីសម្រស់នេះព្រោះការប្រកួតគឺមានបេក្ខភាពខ្លាំងៗជាច្រើនទាំងមានបេក្ខភាពកូនកាត់ រួមទាំងម្ចាស់ជ័យលាភីផ្សេងដូចជា ហុក សារិតុលា ក៏ចូលរួមប្រកួតកម្មវិធីនេះដូចគ្នា។
គួរបញ្ជាក់ថា កម្មវិធី Miss Supranational ដែលបេក្ខភាពតំណាងកម្ពុជាចេញទៅប្រកួតឆ្នាំដំបូងគឺជា អ៊ិន លក្ខិណា ក្នុងឆ្នាំ២០២២ លីវ ជីលី ២០២៣ ខណៈឆ្នាំ២០២៤ខកខានក្នុងការប្រកួត៕










